បុណ្យសមុទ្រ៣ថ្ងៃ អនាម័យក្នុងក្រុងកំពតស្អាត ខណៈសំរាមប្រមូលចោលជិត៤០០តោន
កំពត៖បុណ្យសមុទ្រលើកទី១១ ជុំទី៣ រយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅនេះ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តកំពត ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីនមានផែនការធ្វើអនាម័យ និងកំពុងប្រមូលសំរាមទៅចោលបានទាន់ពេលវេលា ។បរិមាណសំរាមចំនួនជិត៤០០ តោនត្រូវបានប្រមូលក្នុងឱកាសពិធីបុណ្យប្រចាំឆ្នាំនេះ ។
លោក សួន សុភ័ក្ត ប្រធានក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន លោក សួន សុភ័ក្ត បានបញ្ជាក់ថា រយៈ៣ថ្ងៃនៃពិធីបុណ្យសមុទ្រ បុគ្គលិក និងកម្មកររបស់ក្រុមហ៊ុន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសម្អាតនៅតាមទីធ្លាសួនច្បារមាត់ព្រែក រង្វង់មូលទុរេន និងតាមដងផ្លូវសំខាន់ៗនៅក្នុងក្រុង ធ្វើឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ប្រព្រឹត្តទៅដោយជោគជ័យ និងគ្មានសំរាមកកស្ទះ ឬរាយប៉ាយឡើយ។
ចំណែកនិស្សិតពេទ្យ ដែលមកចូលរួមធ្វើអនាម័យ បរិស្ថានជាមួយអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ សិស្សានុសិស្សប្រមាណជាង៣០០នាក់កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំបុណ្យសមុទ្រលើកទី១១នេះ។ ក្រុងកំពតរក្សាអនាម័យបរិស្ថានស្អាត គ្មានសំរាម ទាំងក្នុងទឹក និងលើគោក ។ និស្សិតរូបនោះបានសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសក្រុមហ៊ុនប្រមូលសំរាមដែលបានខិតខំសម្អាតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឱ្យក្រុងកំពតស្អាតជានិច្ច។
ទន្ទឹមនឹងជោគជ័យសម្រេចបាន ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន ក៏បន្តសំណូមពរឱ្យមានការចូលរួមសហការ ឱ្យកាន់តែល្អប្រសើរ បន្ថែមទៀតពីប្រជាពលរដ្ឋពលរដ្ឋ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឱ្យក្រុងកំពត រក្សាបានជាក្រុងស្អាតគ្មានសំរាម ៕
ដោយ៖ សិលា សារិន