មាសអាចឡើងថ្លៃដល់៣,៦០០ដុល្លារក្នុង១តម្លឹង នៅឆ្នាំក្រោយ

បរទេស៖ ក្រុមហ៊ុនវិនិយោគឈានមុខនៅសហរដ្ឋអាមេរិក Goldman Sachs បានព្យាករណ៍ថា តម្លៃមាសនឹងកើនឡើងតម្លៃ ១១% ពោលគឺដល់តម្លៃ ៣,០០០ដុល្លារអាមេរិក ក្នុងមួយអោនដែលជារង្វាល់អន្តរជាតិ ឬ ប្រមាណ ៣៦០០ដុល្លារ ក្នុងមួយ១ម្លឹង នៅចុងឆ្នាំ២០២៥។

កាសែត Business Insider បានចេញផ្សាយថា មានកត្តា៣ ដែលនឹងជំរុញឱ្យតម្លៃមាសកើនឡើងនេះ។ ក្នុងនោះ កត្តាទីមួយ គឺដោយសារតែ ការធ្លាក់ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក ដែលជាធាតុបញ្ចូលដ៏សំខាន់ សម្រាប់ទំនិញមាស ដែលត្រូវបានទិញកាន់ច្រើន។
ក្រុមហ៊ុន Goldman បានព្យាករណ៍ពីអត្រាការប្រាក់ទាបគួរឱ្យកត់សម្គាល់ នៅឆ្នាំ ២០២៥ ហើយ Wall Street បានព្យាករណ៍ថា អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនឹងធ្លាក់ចុះចន្លោះពី ៣.២៥ ទៅ ៣.៥% នៅឆ្នាំក្រោយ។

កត្តាទីពីរ ប្រាក់ដុល្លារកាន់តែរឹងមាំ នឹងជំរុញការទិញមាស ដែលដឹកនាំដោយធនាគារកណ្តាល នៃប្រទេសនានា។ ជាក់ស្តែង កាលពីឆ្នាំ២០២២ ប្រទេសជាច្រើនបានចាត់ទុកការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើរុស្ស៊ី បានជំរុញការទិញមាសរបស់ធនាគារកណ្តាល។ ក្រុមហ៊ុន Goldman បានគូសបញ្ជាក់ថា និន្នាការនេះនឹងបន្ត ដោយរំពឹងថា ធនាគារបរទេសនឹងទិញមាសបន្ថែម អាចកម្រិត ៣០តោន ក្នុងមួយខែ រហូតដល់ឆ្នាំ២០២៥។ អ្នកវិភាគបានឲ្យដឹងថា «អ្នកទិញសំខាន់ៗ ដូចជា ប្រទេសចិន ជាមួយនឹងទុនបំរុងប្រាក់ដុល្លារដ៏ធំនឹងការចាប់អារម្មណ៍ ជាយុទ្ធសាស្រ្តយូរអង្វែង ក្នុងការធ្វើពិពិធកម្ម ថែមទាំងអាចបង្កើនតម្រូវការមាស ក្នុងអំឡុងពេលនៃភាពទន់ខ្សោយនៃរូបិយប័ណ្ណក្នុងស្រុក ដើម្បីបង្កើនទំនុកចិត្តលើរូបិយប័ណ្ណរបស់ពួកគេ»។

កត្តាទីបី មាស និងប្រាក់ដុល្លារមានហេតុផលរួមគ្នា សម្រាប់ការកើនឡើង នៅឆ្នាំ ២០២៥ ។ ទោះបីជាមាស ជាធម្មតា ធ្លាក់ចុះនៅពេលដែលប្រាក់ដុល្លារឡើងថ្លៃក៏ដោយ Goldman បាននិយាយថា ភាពរង្គោះរង្គើខាងភូមិសាស្ត្រនយោបាយកាន់តែទូលំទូលាយ ជំរុញឱ្យតម្លៃប្រាក់ដុល្លារនិងតម្លៃមាស មាននិន្នាការកើនឡើង ជាមួយគ្នា។
ការកើនឡើងភាពមិនច្បាស់លាស់ជុំវិញភូមិសាស្ត្រនយោបាយ និងហានិភ័យទីផ្សារភាគហ៊ុនអាចជាអត្ថប្រយោជន៍ សម្រាប់ទ្រព្យសកម្មទាំងពីរ ដែលត្រូវបានចាត់ទុកថា ជាកន្លែងសុវត្ថិភាពកំពូល៕

ប្រភពពី Business Insider ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner