ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែក​ជីកហ្វូណនតេជោ​សម្រាប់កំណាត់​ទី១សម្រេច​បាន​ជាង៦៧ភាគរយ

ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញ ក្រុមការងារ​បច្ចេក​ទេសអន្តរក្រសួងសម្រេចការកំណត់និយាមកា និង​បោះ​បង្គោលទាំងអស់សរុប៩៦ចំណុចនៃ​ចំណុច​ដែលគ្រោង១៤២ ដែលស្មើនឹងជាង ៦៧ភាគរយ នៃតម្រាយផ្លូវ​ទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូនេះថា រយៈពេល ៦ថ្ងៃ(គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ច​ខិតខំប្រឹងប្រែងបំពេញ​ការងារ​យ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់​និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណន​តេជោសម្រាប់​កំណាត់​ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។

អ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រុមការងារបច្ចេកទេសសម្រេច​ការកំណត់និយាមកា និង​បោះបង្គោលទាំងអស់សរុប៩៦​ចំណុចនៃចំណុចដែលគ្រោង១៤២ ដែលស្មើនឹងជាង ៦៧ភាគរយ នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូ​ម៉ែត្រ។

គួររំលឹកថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្រ្ត​នេះបានប្រារព្ធបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ផ្តើម​ពីព្រែក​តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែក​តាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់​សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦​លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ៕


ដោយ៖មុនី
រូបថត៖ក្រសួងសាធារណការ និងដឹកជញ្ជូន

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner