នាយករដ្ឋមន្ត្រី ណែនាំឱ្យរៀបចំផ្លូវថ្មើរជើង ជិះកង់ កន្លែងហាត់ប្រាណ សួនច្បារធម្មជាតិ នៅទីក្រុងរណបអរិយក្សត្រ
(កណ្ដាល)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់ អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រុមហ៊ុន អភិវឌ្ឍន៍ក្រុងអរិយក្សត្រ ត្រូវរៀបចំផ្លូវថ្មើរជើង ជិះកង់ កន្លែងហាត់ប្រាណផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយផាសុកភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសាងសង់នូវទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតប តម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ដែដែលចង់បានគេហដ្ឋាន ស្នាក់នៅប្រកបដោយភាពល្អប្រណិត ខណៈទីក្រុងនេះ មានហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាធំល្អរហូតដល់ជាង ២០០ហិកតា ។
សម្តេចធិបតី បានបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមភូមិសាស្រ្ត មិនត្រឹមតែជួយសម្រួល ដល់ភាពងាយស្រួល ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ នៅនឹងកន្លែងប៉ុណ្ណោះទេ ថែមទាំងបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ ផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមថា នៅអរិយក្សត្រនេះ នឹងក្លាយជាកន្លែងបណ្ត៉ំពាណិជ្ជកម្មកាន់តែសំបូរបែប ខណៈរាជរដ្ឋាភិបាល បានកំពុងតែមានគម្រោងកសាងស្ពាន តភ្ជាប់ជាច្រើនទៀត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ












