ការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា ធ្វើឱ្យបរទេសភ្ញាក់ផ្អើល ខុសពីអ្វីដែលធ្លាប់លឺ
(កណ្ដាល)៖ ការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា ធ្វើឱ្យបរទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង ខុសពីអ្វី ដែលពួកគេធ្លាប់លឺថា កម្ពុជា មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ ។
សម្តេចបវរធិបតី បន្ដថា ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រទេសកម្ពុជា បានវិវត្តន៍យ៉ាងខ្លាំង មិនត្រឹមតែក្នុង ទិដ្ឋភាព នៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងការប្រែប្រួលមុខមាត់សង្គមជាតិ ទាំងមូលផងដែរ ។
សម្តេចបវរធិបតី បានបញ្ជាក់ថា កន្លងមក បទេសជាច្រើន បានលឺអំពីប្រទេសកម្ពុជា ភាគច្រើន លឺតែទិដ្ឋភាពនៃសង្គ្រាម របបប្រល័យពូជសាសន៍ ភាពក្រីក្រ ចំការមីនប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្ន បរទេស ដែលមកប្រទេសកម្ពុជាជាលើកដំបូង ពួកគេ តែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន ភាពស៊ីវិល័យរបស់កម្ពុជា ដែលខុសទាំងស្រុងអ្វី ដែលពួកគេធ្លាប់លឺ ។
ជាមួយការរីកចម្រើនរបស់កម្ពុជានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា បរទេស ដែលធ្លាប់មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើល ដូចគ្នា ជាមួយនឹងល្បឿនការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជា មិនថា ក្នុងទីក្រុង ឬតាមទីជនបទ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ