រុស្ស៊ី និង កូរ៉េខាងជើង ដំណើរការសេវារថភ្លើងតភ្ជាប់ប្រទេសទាំងពីរឡើងវិញ
មូស្គូ ៖ ផ្លូវដែកដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ បានបន្តសេវារថភ្លើងជាធម្មតាជាមួយកូរ៉េខាងជើងឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការ ដោយសារតែការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ១៩។
ផ្លូវដែករុស្ស៊ីបានដំណើរការឡើងវិញ ដើម្បីផ្តល់សេវារថភ្លើងដឹកអ្នកដំណើរ ដែលតភ្ជាប់ Khasan ដែលជាទីក្រុងព្រំដែននៅ Far East របស់រុស្ស៊ី និងស្ថានីយ៍ Tumangang របស់កូរ៉េខាងជើង។
សេវាកម្មរថភ្លើងនេះ ត្រូវបានផ្អាកនៅឆ្នាំ ២០២០។ រថភ្លើងនេះ នឹង ធ្វើ ដំណើរ បី ជុំ ក្នុង មួយ សប្តាហ៍។ ទន្ទឹមគ្នា ប្រតិបត្តិករផ្លូវដែកបានសម្តែងក្តីសង្ឃឹមថា ការបើកដំណើរការឡើងវិញនេះ នឹងជំរុញចំនួនអ្នកទេសចរទៅកាន់ប្រទេសកូរ៉េខាងជើង។
ហើយការចាប់ផ្តើមសេវាកម្មរថភ្លើងនេះ កើតឡើងនៅពេលដែលទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងកំពុងពង្រឹងទំនាក់ទំនងគ្នាកាន់តែស្អិតរមួតចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយប្រឆាំងនឹងអ៊ុយក្រែន។
កូរ៉េខាងជើងថែមទាំងបានបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ស្របតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលតម្រូវឱ្យភាគីនីមួយៗផ្តល់ជំនួយយោធា និងជំនួយផ្សេងៗទៀតក្នុងអំឡុងពេលមានអាសន្ន៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា