Putin ត្រៀមខ្លួនរួចរាល់ជួបចរចាជាមួយ Trump
បរទេស ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនា ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នៅពេលណាមួយ នេះបើតាមកាសែត Tass។
ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីដដែល បានឲ្យដឹងថា លោក Putin បាននិយាយ នៅឯសន្និសីទកាសែតចុងឆ្នាំ នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនានេះ នៅពេលណាក៏បាន..ហើយខ្ញុំក៏នឹងត្រៀមខ្លួន សម្រាប់កិច្ចប្រជុំផងដែរ ប្រសិនបើគាត់ចង់បាន»។
យ៉ាងណាមិញ លោក ពូទីន បានកត់សម្គាល់ថា លោកមិនដឹងថា ពេលណានឹងជួបជាមួយ Trump នោះទេ ដោយបានគូសបញ្ជាក់ថា «ខ្ញុំមិនបាននិយាយអ្វីជាមួយគាត់សោះ អស់រយៈពេលជាង ៤ ឆ្នាំ មកហើយ»។
មុននេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែមិនទាន់ទទួលបានសំណើជាក់លាក់ណាមួយ ពីក្រុមរបស់លោក Trump នៅឡើយទេ។
យោងតាមអ្នកការទូតរូបនេះ ក្រសួងការបរទេសរុស្ស៊ី នាពេលថ្មីៗនេះ បានទទួលសំណួរជាច្រើន ជុំវិញថាតើរុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការទាក់ទងលោក Trump និងក្រុមរបស់លោក Trump ដែរឬទេ នេះបើតាម Tass ដដែល។
បើតាមទីភ្នាក់ងារសារព័ត៌មានធំៗ បានចុះផ្សាយថា Trump ប្តេជ្ញាបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយប្រើពេលវេលាយ៉ាងលឿន ពេលលោកចូលកាន់តំណែង នៅខែមករា ខាងមុខនេះ៕
ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត