ផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈ​កម្មការវត្តទូទាំងខេត្តកំពត

កំពត៖ពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស​អនុ​សំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើក​ទី៣២ ដល់ព្រះមន្ត្រី​សង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តកំពត នា​ព្រឹក​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន  ស៊ីម៉ន តំណាង​រាស្រ្តមណ្ឌលខេត្តកំពត ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា នីតិកាល​ទី៧ ប្រធាន​ក្រុមការងារគណបក្សប្រជាជនកម្ពុជា បាន​រំលេចពីសារសំខាន់នៃវិស័យព្រះពុទ្ធសាសនា តួនាទីរបស់ព្រះសង្ឃ សមណ​សិស្ស​គ្រប់អង្គ ក្នុងចូលរួមចំណែករក្សាសុខសន្តិភាព សុវត្ថិភាព  សណ្តាប់ធ្នាប់សាធារណៈសង្គម  លើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជា​សាសនា​របស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល ។

តាមរបាយការណ៍របស់ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនា  នៅក្នុងឆ្នាំ ២០២៤នេះខេត្តកំពត​មានវត្ត​ចំនួន២៧៤វត្ត  ក្នុងនោះ វត្តគណៈមហានិកាយ ចំនួន២៤៧វត្ត. និងវត្តគណៈធម្មយុត្តិក​និកាយ ចំនួន២៧វត្ត ព្រះសង្ឃ​សរុបចំនួន២.៦៣៧ អង្គ (គណៈមហា​និកាយចំនួន២.៤៤៦អង្គ)  លោកអាចារ្យប្រចាំវត្តចំនួន ៩០៣ នាក់   អាចារ្យយោគី ចំនួន២១៥ នាក់   អាចារ្យមង្គលការ ចំនួន៣៧៥នាក់ និងគណៈកម្មការវត្ត មានចំនួន១.៥៩៦នាក់ ។
  
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានប្រគេនបច្ច័យ​ដល់ព្រះសង្ឃ និងថវិកាដល់គណៈកម្មការ​អាចារ្យ​វត្ត  រួមនិងចង្ហាន់​សរុបជាង៥០លានរៀល៕
ដោយ៖ សិលា សារិន

ads banner