មន្រ្តីជាន់ខ្ពស់ទេសចរណ៍បញ្ជាក់ពីសារសំខាន់នៃការិយាល័យច្រកចេញចូលតែមួយក្នុងការបម្រើប្រតិបត្តិករទេសចរណ៍

កំពត៖ឯកឧត្តម ដួង វីរៈ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានជំរុញ​ដល់អង្គភាពច្រកចេញតែមួយរដ្ឋបាលខេត្តកំពត មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត  រដ្ឋបាលក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ក្នុងការ​ផ្តល់សេវាជូនប្រតិបត្តិករទេសចរណ៍ ប្រកប​ដោយតម្លាភាព គណនេយ្យ​ភាព សមធម៌ និងបរិយាបន្ន ដើម្បីឱ្យអ្នកមកទទួលសេវាសប្បាយ​រីករាយ និង​ពេញចិត្តចូល​រួមគាំទ្រនូវកិច្ចដំណើរការអនុវត្តរបស់​ការិយា​ល័យ​ច្រកចេញចូលតែមួយ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការត្រួតពិនិត្យ និងវាយតម្លៃការដាក់ឱ្យអនុវត្ត មុខងារដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរៀបចំធ្វើ​ឡើងនៅសាលាខេត្តកំពត កាលព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ដួង វីរៈ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាព បង្កភាពងាយស្រួលក្នុងការផ្តល់និង ទទួល​សេវារដល់​ប្រតិបត្តិករ​ទេសចរណ៍នៅតាមបណ្តាខេត្តនីមួយៗ ក្រសួង​ទេសចរណ៍បានធ្វើកំណែទម្រង់ និងបានចេញនូវសេចក្តីណែនាំ ក្នុងការផ្ទេរមុខងារមួយចំនួន ទៅឱ្យរដ្ឋបាលថ្នា់ក់ក្រោមជាតិអនុវត្ត។កន្លងមករដ្ឋបាលខេត្តភាគច្រើនធ្វើបានល្អ ចំពោះ ទទួល និងផ្តល់សេវា​នៅអង្គភាពច្រកចេញចូលតែមួយ  តែការអនុវត្តមុខងារនៅតាម​ការិយា​ល័យ​ច្រកចេញចូលតែមួយតាមបណ្តាក្រុងស្រុក ហាក់មិនទាន់មាន​ដំណើរការល្អនៅឡើយ។ 

ឈរលើចំណុចនេះឯកឧត្តមបានជំរុញដល់មន្ទីរទេសចរណ៍ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ធ្វើយ៉ាង​ណាពង្រឹងការ​អនុវត្ត​មុខងាររបស់ខ្លួន ឲ្យមានប្រសិទ្ធភាព តម្លាភាព សមធម៌ និងបរិយាបន្ន ។

នៅក្នុងអង្គសិក្ខាសាលាខាងលើ ក៏មានការធ្វើបទបង្ហាញអំពីវឌ្ឍនភាព​វិស័យទេសចរណ៍របស់បណ្តាខេត្តចំនួន៥ ដើម្បីចែក​រំលែកបទ​ពិសោធន៍ ក៏ដូចជាសិក្សាស្វែងយល់ អំពីចំណុចខ្លាំង និងចំណុចខ្វះ​ខាត ដើម្បីរួមគ្នាដោះស្រាយ និងស្នើសុំគោល​ការណ៍បន្ថែម ទៅក្រសួង​ទេសចរណ៍ ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាឈានទៅសម្រេច​ចក្ខុវិស័យ ក៏ដូចជាយុទ្ធនាការ របស់ក្រសួងទេសចរណ៍ ដែលបាន​ដាក់ចុះ “ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”  និង​យុទ្ធនាការ “ទេសចរណ៍​ដើម្បីទាំងអស់គ្នា  ទាំងអស់គ្នា ដើម្បី​ទេសចរណ៍” ដោយផ្តើមចេញសំខាន់ដំបូងគេ ពីប្រតិបត្តិករទេសចរណ៍​ជាតិ និងអន្តរជាតិ ដែលបាន និងកំពុងតែប្រកបរបររកស៊ីទទួល​ទានលើ​វិស័យនេះ៕
ដោយ៖សិលា សារិន

ads banner