កម្ពុជា កោតសរសើរទូតឥណ្ឌា ដែលចប់អាណត្តិបេសកកម្ម ចំពោះការជំរុញទំនាក់ទំនងទ្វេភាគី
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ដើម្បីជម្រាបលា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូត នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកោតសរសើរដល់លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ចំពោះការជំរុញទំនាក់ទំនងទ្វេភាគី និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែលមានឬសគល់ ប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នាដ៏យូរលង់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុង ពេលកាន់តំណែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត Khobragade ដែលរួមមានការសម្របសម្រួលដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា យាងទៅកាន់ប្រទេសឥណ្ឌាក្នុងខែឧសភា ឆ្នាំ២០២៣ ជំនួបតាមប្រព័ន្ធនិម្មិតរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តមនាយករដ្ឋមន្ត្រី Narendra Modi នៅខែឧសភា ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងពេលដែលសម្តេចជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក៏ដូចជាដំណើរទស្សនកិច្ចមកកម្ពុជារបស់ឯកឧត្តម Shri Om Birla ប្រធានសភាជាន់ទាប នៅខែមេសា ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតីឥណ្ឌា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅភ្នំពេញ ។
ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូត Khobragade លទ្ធភាពនៃការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ និងការរៀបចំដំណើរ កម្រិតខ្ពស់ពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំក្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បានស្វាគមន៍ចំពោះសន្ទុះកំណើនទំនាក់ទំនងពាណិជ្ជកម្ម បន្ទាប់ពីការបង្កើតក្រុមការងារចម្រុះ កម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងការវិនិយោគនៅឆ្នាំ២០២១ និងការដំណើរការក្រុមប្រឹក្សាធុរកិច្ច រួមនៅខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត Khobragade បានកត់សម្គាល់ ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃការតភ្ជាប់ និងទេសចរណ៍ តាមរយៈការចាប់ផ្តើមជើងហោះ ហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងញូវដេលី ក្នុងខែមិថុនា ឆ្នាំ២០២៤ និងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលឥណ្ឌា ដែលបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ការជួសជុលប្រាសាទ បុរាណ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចប្រឹងប្រែងបោសសំអាតមីនជាដើម៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ