អាជ្ញាធរខេត្តបាត់ដំបងជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយដល់ក្រុមគោលដៅ១,៥លាននាក់ ឱ្យចូលរៀនជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ

បាត់ដំបង៖មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរខេត្តបាត់ដំបង បានជំរុញដល់​ភាគី​ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យកាន់តែ​សកម្ម​ថែមទៀតបង្កើនការ​ផ្សព្វផ្សាយឱ្យដល់មូលដ្ឋានដើម្បីការកៀរគរក្រុមគោលដៅ១,៥លាននាក់ឱ្យចូលរៀនជំនាញបច្ចេក​ទេសវិជ្ជាជីវៈ។

លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបងក៏បានជំរុញដល់មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការ​ជាមួយ​គ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្កើននូវការចុះផ្សព្វផ្សាយពី​កម្មវិធី១.៥លាននាក់របស់​រាជ​រដ្ឋាភិបាល ឱ្យកាន់តែជ្រួតជ្រាបទៅដល់តាមមូលដ្ឋាន ជាពិសេស​យុវជន​មកពីគ្រួសារក្រី និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀន​ជំនាញបច្ចេកទេសវិជ្ជាជីវៈ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារបន្ត និងពង្រឹងសមត្ថភាពលើយន្តការ​គ្រប់គ្រង នៃវិស័យ​ការងារ និងជំរុញការផ្សព្វផ្សាយចុះឈ្មោះចូលរៀនជំនាញរបស់​គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត នៅវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលរងខេត្តបានបន្តថា ការសិក្សាជំនាញបច្ចេកទេស​វិជ្ជា​ជីវៈ គឺសំដៅផ្ដល់ឱ្យយុវជន មានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីបង្កើន​កម្លាំង​ពលកម្ម​ជំនាញ និងដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ​កម្ពុជា​ក្លាយជាប្រទេសដែលមាន​ចំណូលមធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ទីន សារ៉ាវុធ ក៏បានបង្ហាញពីមោទនភាពផងដែរ ដែលខេត្ត​បាត់ដំបង មានអ្នកចូលរៀនជំនាញបច្ចេក​ទេសវិជ្ជា​ជីវៈ​ច្រើនជាងគេ​បន្ទាប់ពីរាជធានីភ្នំពេញតែទោះយ៉ាងណាក៏ត្រូវតែជំរុញការផ្សព្វផ្សាយឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីធ្វើការបញ្ជ្រាបបន្ថែមទៀតឱ្យទៅដល់មូលដ្ឋានផ្ទាល់ដើម្បីសម្រេចបានគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ជុំវិញសកម្មភាពបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះដែរ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា គណៈ​កម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងដែលមានគ្រឹះស្ថានសាធារណៈ ចំនួន៣ និងភាគីពាក់ព័ន្ធបាន​ចុះធ្វើការផ្សព្វផ្សាយវគ្គ១,៥លាន​នាក់ របស់រាជរដ្ឋាភិបាលជំហានទី១ ដល់ប្រជាពលរដ្ឋនៅតាមមូល​ដ្ឋានក្រុង ស្រុក ក្នុងខេត្តបាត់ដំបង មកទល់ពេលនេះមានចំនួនសិស្ស​ដែលចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈទាំង៣ ចំនួន១៣ ១៤០នាក់ ក្នុងនោះសិស្សគោលដៅសរុប ៧ ៥៤៤នាក់។ សិស្សកំពុងសិក្សាចំនួន ៥ ៧៥៣នាក់ និងសិស្សគោលដៅសរុប៣ ៦៣៩នាក់។ចំណែកសិស្ស​បានប្រលង​បញ្ចប់ សរុបចំនួន ៤ ០៣៨នាក់សិស្សគោលដៅសរុប ១ ៩៦២ នាក់។សិស្សទទួលបានការងារចំនួន២ ៥២១នាក់ ,សិស្ស​គោលដៅសរុប ១ ២៤៥នាក់។

សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ នៅទូទាំងប្រទេសមានចំនួន១,៥លាននាក់ ។គោលបំណងចម្បង របស់រាជរដ្ឋាភិបាល​គឺផ្ដល់នូវជំនាញមួយ​យ៉ាងតិចប្រចាំជីវិតដល់យុវជន ដើម្បីទទួលបានឱកាស​ការងារ​ឬបង្កើតមុខរបរដោយ​ខ្លួនឯងនិង​ប្រកបដោយភាពម្ចាស់ការ​មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ព្រមទាំង​ឆ្លើយតបបានតាមតម្រូវការនៃទីផ្សារ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។សិស្សដែលបានចុះឈ្មោះចូលរៀន និងទទួលបាន៖ការសិក្សាដោយមិនបង់ថ្លៃ, មានរបបប្រាក់ឧបត្ថម្ភប្រចាំខែ,ការប្រឹក្សា​យោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ការចុះធ្វើ​កម្មសិក្សា​នៅតាមសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រ, និងជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុង​ត្រូវការ និង​ឱកាសទទួលបានការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner