ក្រុមហ៊ុន Sala បើកសម្ភោធកម្មវិធី Sala Enrichment Program ដើម្បីតម្រង់ទិសយុវជនចាប់យក ជំនាញជាក្តីស្រម៉ៃពិត សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា
(ភ្នំពេញ)៖ គម្រោងយុវជនទូតសុឆន្ទៈ Sala Enrichment Program ជាកម្មវិធីជម្រុញ និងតម្រង់ទិសដល់យុវជនក្នុងការឈោងចាប់យកជំនាញជាក្តីស្រម៉ៃពិតសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា បានរៀបចំពិធីបើកគម្រោងរបស់ខ្លួនជាផ្លូវការ ។ កម្មពិធីវិធីបើកគម្រោងយុវជនទូតសុឆន្ទៈតំណាងខេត្ត ដែលរៀបចំដោយ ក្រុមហ៊ុន Sala បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅការិយាល័យសហគ្រិនខ្មែរ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យុវជនជាសិស្សដែលទើបប្រឡងបាក់ឌុប តែងត្រូវគេកត់សម្គាល់ថា ពួកគេតែងខ្វះនូវការទទួលបានព័ត៌មានច្បាស់លាស់អំពីជំនាញ និងពិបាកក្នុងការចាប់យកជំនាញដើម្បីបន្តទៅសិក្សានៅថ្នាកឧត្តមសិក្សា។
គម្រោងយុវជនទូតសុឆន្ទៈតំណាងខេត្ត Sala Enrichment Program 2024 បានប្រព្រឹត្តទៅដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, សហគ្រិនខ្មែរ, អង្គការស្វីសខន់ថាក់ ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) និងមានការសហការពីដៃគូដូចជា Camboticket និង Mangrove Studio ផងដែរ ។

ប្រធានក្រុមហ៊ុន Sala លោក សុខ លាភ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ ក្រុមហ៊ុនតែងតែងរៀបចំគម្រោង Sala Enrichment Program នេះជារៀងរាល់ឆ្នាំ ។ ដោយឡែកសម្រាប់គម្រោងដែលបើកសម្ភោធឡើងនៅថ្ងៃនេះ គឺមានលក្ខណៈប្លែកពីឆ្នាំកន្លងទៅ ដោយគម្រោងយុវជនទូតសុឆន្ទៈតំណាងខេត្ត បានជ្រើសរើស និងអញ្ជើញសិស្សចំនួន ១៥រូប ដែលមានពីបណ្តាខេត្តចំនួន ៥ ដូចជាខេត្តកំពង់ចាម បាត់ដំបង ក្រចេះ ស្ទឹងត្រែង និងខេត្តសៀម រាប ដើម្បីបណ្តុះបណ្តាលជំនាញទន់ និងជំនាញរឹង ឲ្យមានសមត្ថភាពក្នុងការរៀបចំគម្រោងឆ្លើយតបនឹងបញ្ហាក្នុងសហគមន៍របស់ខ្លួនពាក់ព័ន្ធនឹងការអប់រំ ។

លោកប្រធានក្រុមហ៊ុន បានមានក្តីរំពឹងទុកថា គម្រោង Sala Enrichment Program តាមរយៈយុវជនសុឆន្ទៈទាំង ១៥រូប នឹងធ្វើគម្រោងនានាក្នុងសហគមន៍របស់ពួកគេដែលនឹងជម្រុញឲ្យសិស្សសរុបប្រមាណ ១,០០០នាក់ សម្រេចចិត្តបន្តការសិក្សានៅសកលវិទ្យាល័យ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Sala ក្នុងការរួមចំណែក និងលើកកម្ពស់វិស័យអប់រំ កន្លងមកបានរៀបចំនូវគម្រោងផ្សេងៗជាច្រើនដូចជាការរៀបចំពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យប្រចាំឆ្នាំ ការចុះផ្ទាល់ទៅសាលារៀនដែលនៅតាមតំបន់ដាច់ស្រយាល រៀបចំកម្មវិធីចែករំលែកទៅកាន់សិស្សទាក់ទងទៅនឹងការបន្តការសិក្សា, ព្រមទាំងមានរៀបចំកម្មវិធីផ្សេងៗទៀតនៅរាជធានីភ្នំពេញជូនដល់សិស្សានុសិស្ស និងនិស្សិត ដើម្បីអាចពង្រីកនូវសក្តានុពលរបស់ពួកគេឈានទៅរកក្តីស្រម៉ៃ និងចាប់យកអាជីពនាពេលអនាគតបានប្រសើរឡើង ៕
អត្ថបទ ៖ គង់ សុផុល
រូភាព ៖ វេង លឹមហួត








