កម្លាំងយោធាជាផ្នែកមួយក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបការ​កាប់ឈើ​ក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សត្វ

ស្ទឹងត្រែង៖កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាជ្ញាធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និងប្រជាសហគមន៍ការពារព្រៃឈើ ដឹកនាំដោយ​នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន បាន​ចុះល្បាតក្នុងដែនព្រៃសហគមន៍ភ្នំរមៀត ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ក៏ដូចដែនព្រៃការពារនានាទៀត ដើម្បីទប់ស្កាត់​ការកាប់ រុករាន ទន្ទ្រាន​ដីព្រៃសហគមន៍ ការកាប់ឈើធ្វើអាជីវកម្ម ការលបលួបបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វព្រៃ ។សកម្មភាព​ទាំងនេះ​ជាការអនុវត្តវិធានការព្រៃឈើ និងធនធានធម្មជាតិ ជីវចម្រុះ ឈានទៅបង្កើនឥណទានកាបូនព្រៃឈើ ក្រោមគម្រោង​រេដបូក​មេគង្គ ជំហាន១ នៃខេត្តស្ទឹងត្រែង។

នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់លោក ហ៊ុន សំអឿន បាន​ប្រាប់ឱ្យដឹងថា មន្ត្រីផ្នែកព្រៃឈើបានសហការជាមួយ​កម្លាំង​ស្រុក ភូមិ ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល យោធា និងប្រជាសហគមន៍បន្តចុះល្បាត​ដើម្បី​បង្កើនកិច្ចការពារព្រៃសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត។លោកបន្តថា ព្រៃសហគមន៍នេះស្ថិតនៅប៉ែកខាងជើង ឃុំសំអាងជាប់មួយផ្នែក​ក្នុង​ទឹកដីឃុំកោះស្នែង ស្រុកបុរីអូរស្វាយ​សែនជ័យ មន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានដឹងពី​ប្រយោជន៍​សំខាន់ ដែលទទួលបានពីគម្រោងរេដបូក​មេគង្គ ជំហានទី១។ការផ្សព្វផ្សាយក្នុង គោលបំណងលើកកម្ពស់​ចំណេះ​ដឹងដល់ពួកគាត់នៅមូលដ្ឋានក្នុងផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញប្រជាសហគមន៍ចូលរួមការពារព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ នៅខេត្តស្ទឹងត្រែង។

ប្រជាសហគមន៍ភ្នំរមៀត លោក គង់ ធារដ្ឋ បានគាំទ្រចំពោះការ​ផ្តល់ព័ត៌មានច្បាស់លាស់នេះពីមន្ត្រីជំនាញ ព្រោះបាន​ធ្វើឱ្យ​ប្រជាសហគមន៍ កាន់តែប្រមូលកម្លាំង បន្តធ្វើសកម្មភាពចុះល្បាត​តាមព្រៃសហគមន៍ ព្រមទាំងបង្ក្រាបនូវសកម្មភាព ដូចជា ការកាប់ឈើក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងការកាប់ព្រៃកន្ទ្រានយកដីធ្វើជាកម្មសិទ្ធិជាដើម ។

លោក គង់ ធារដ្ឋ បានបន្តថា រាល់សកម្មភាពចុះល្បាតម្តងៗ មន្ត្រីសហគមន៍ និងនគរបាកប៉ុស្តិ៍ តែងដកហូតបាននូវវត្ថុតាង ហើយបាននាំយកទៅរក្សាទុក និងបានកំណត់អត្តសញ្ញាណជន​សង្ស័យដែលរត់គេចខ្លួន និងកសាងសំណុំរឿង​បញ្ជូន​តាមនីតិវិធី ហើយប្រជាពលរដ្ឋមួយចំនួន ដែលអាស្រ័យផលដាំដំណាំក្នុង​ព្រៃសហគមន៍ ឱ្យបញ្ឈប់ និងប្រគល់ដីជូន​សហគមន៍​វិញ ផងដែរ ។

លោកបន្តថា កិច្ចការងារនេះ គណៈកម្មការសហគមន៍ព្រៃឈើ នឹងប្រជុំផ្សព្វផ្សាយចុះដាក់ស្លាក ស្តីពីទោសទណ្ឌ​នៃការ​កាប់រាន ឈូសឆាយព្រៃយកដីធ្វើជាកកម្មសិទ្ធិ ក្នុងព្រៃសហគមន៍បន្ថែម ដើម្បីឱ្យប្រជាពលរដ្ឋមានការភ្ញាក់រឮក ហើយ​ងាកមកចូលរួម​ស្រឡាញ់ធនធានធម្មជាតិទាំងអស់គ្នា៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner