នារីៗវៀតណាមបន្លំខ្លួនធ្វើជាអ្នករកស៊ីផ្លូវភេទខុសច្បាប់នៅឥណ្ឌូណេស៊ី

បរទេស៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ប្រទេសឥណ្ឌូនេស៊ីបានឃាត់ខ្លួនស្ត្រីវៀតណាម ចំនួន១២នាក់ ពីបទប្រើប្រាស់ទិដ្ឋាការទេសចរណ៍ខុសច្បាប់ ធ្វើការជាអ្នករកស៊ីផ្លូវភេទ ដោយបានបំពានច្បាប់អន្តោប្រវេសន៍ របស់ប្រទេសឥណ្ឌូនេស៊ី នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress។

ប្រភពបានចេញផ្សាយថា ក្រុមស្ត្រីទាំងនេះត្រូវបានចាប់ខ្លួន នៅទីក្រុង Muara Karang ភាគខាងជើង រដ្ឋធានីJakarta។ ពួកគេបានចូលប្រទេសឥណ្ឌូនេស៊ី តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ ហើយបានបំពានមាត្រា ១២២ នៃច្បាប់អន្តោប្រវេសន៍ ឆ្នាំ២០១១ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកអន្តោប្រវេសន៍ឥណ្ឌូនេស៊ី។

លោក Yuldi Yusman ប្រធានផ្នែកឃ្លាំមើល និងអនុវត្តច្បាប់ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិយាយថា «ពួកគេបានទៅធ្វើវិស្សមកាល នៅប្រទេសឥណ្ឌូនេស៊ី ហើយមិនមែនជាផ្នែកនៃក្រុមទេសចរណ៍ណាមួយនោះទេ។ ប៉ុន្តែ ពួកគេបានក្លាយទៅជាអ្នករកស៊ីផ្លូវភេទ នៅទីនោះ» នេះបើតាមការចុះផ្សាយរបស់កាសែត The Jakarta Post។

លោក Yusman បានបង្ហាញថា ការផ្តល់ព័ត៌មាន ជាសាធារណៈ នាំឱ្យមានការស៊ើបអង្កេត រយៈពេលមួយខែ ទើបឈានដល់ការវាយឆ្មក់ កាលពីសប្តាហ៍មុន។ ស្ត្រីទាំងនោះត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាលជាច្រើន រួមទាំង ការនិរទេសខ្លួនចេញ និងបំរាមមិនឱ្យចូលប្រទេសឥណ្ឌូនេស៊ី ឡើងវិញ។

មន្ត្រីអន្តោប្រវេសន៍ក៏កំពុងស៊ើបអង្កេតបណ្តាញ នៅពីក្រោយប្រតិបត្តិការនេះ ផងដែរ ដោយផ្តោតលើអ្នកដែលសម្របសម្រួល ឲ្យស្រ្តីទាំងនោះ ចូលទៅប្រកបរបរខុសច្បាប់នេះ នៅប្រទេសឥណ្ឌូនេស៊ី។

រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏មានគម្រោងសម្របសម្រួលជាមួយអាជ្ញាធរវៀតណាម អំពីចំណាត់ការផ្លូវច្បាប់ ពាក់ព័ន្ធនឹងស្ត្រី ដែលត្រូវបានឃុំខ្លួនទាំងនោះ ផងដែរ នេះបើយោងតាមកាសែត VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner