ប្រកាសចូលកាន់មុខតំណែងអភិបាលរងខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌ នៃ រាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋប្រមាណ ៨២% ។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់បែបនេះ ក្នុងពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ១៤រូប ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានកោតសរសើរ និងអរគុណ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ ។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ៖ ទោះបី រាជធានីភ្នំពេញទទួលបានការពេញចិត្តពីប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈ នេះប្រមាណ ៨២% ក៏ដោយ ក៏យើងត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឆ្នាំ២០២៥ខាងមុខ រាជធានីភ្នំពេញអាចទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានបន្តទៀតថា កន្លងមកនេះរដ្ឋបាលខណ្ឌមួយចំនួន បញ្ចេញរបាយការណ៍មករដ្ឋបាលរាជធានី មានភាពយឺតយ៉ាវ។ ចំពោះបញ្ហានេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ មានបញ្ហាអ្វីដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ឬសុំមតិដឹកនាំពីថ្នាក់រាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាអោយការងារនោះដំណើរការទៅដោយរលូននិងជោគជ័យ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ