ពិព័រណ៍អាវុធនៅវៀតណាម ចុះកុងត្រា២៨០លានដុល្លារ

ហាណូយ ៖ កុងត្រាជាង១០ តម្លៃសរុប ២៨៦.៣ លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខា នៅឯពិព័រណ៍ការពារជាតិកម្រិតអន្តរជាតិ ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ នៅក្នុងប្រទេសវៀតណាម នេះបើតាមកាសែត VNexpress។

ប្រភពបានឲ្យដឹងថា កុងត្រាចំនួន១៦ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការចំនួន១៧ រវាងអង្គភាពឧស្សាហកម្មការពារជាតិវៀតណាម និងអាជីវកម្មនានា មកពីប្រទេសផ្សេងៗ រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា បារាំង និង បែលហ្ស៊ិក ត្រូវបានចុះហត្ថលេខា នៅឯពិព័រណ៍ ចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែធ្នូ។

ប្រភពពីVNexpress បានឲ្យដឹងដែរថា ក្នុងពិព័រណ៍នេះ មានការប្រមូលផ្តុំអង្គភាព និងសហគ្រាសចំនួន ២៤២ មកពីជាង ៣០ប្រទេស លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីក្រុងហាណូយ។ ពិព័រណ៍នេះមានការជួបប្រជុំ និងការទំនាក់ទំនងទ្វេភាគី ជិត២ពាន់លើក។

វៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ ជាលើកទី២ហើយ ក្នុងគោលបំណងសំខាន់ ដើម្បីចែករំលែកសមិទ្ធិផល និងបទពិសោធន៍ ក្នុងការស្រាវជ្រាវ ផលិត និងប្រើប្រាស់សព្វាវុធ ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្ម ការពារជាតិ ក្នុងចំណោមប្រទេស ដែលចូលរួម។

យ៉ាងណាមិញ ប្រភពមិនបានចុះផ្សាយលម្អិត អំពីកុងត្រាទាំង១៦ ដែលត្រូវបានចុះហត្ថលេខា នៅពិព័រណ៍សព្វាវុធវៀតណាម នាពេលនោះទេ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner