ក្រុមបាល់ទាត់ ៤ក្រុម និងចូលរួម ក្នុងព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់អបអរសាទរ ទិវា​សន្តិភាពនៅកម្ពុជា និងប្រារពធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដោយមានក្រុមបាល់ទាត់៤ក្រុម គឺ ក្រុមបាល់ទាត់គុនខ្មែរ .ក្រុមបាល់ទាត់តារាកម្ពុជា. ក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា B ។

ទាំង៤ក្រុមដែលត្រូវជួបគ្នានៅថ្ងៃទី២៩ ខែ ធ្នូ នោះ គឺ ក្រុមបាល់ទាត់គុន​ខ្មែរ ប្រកួតជាមួយ ក្រុមបាល់ទាត់ តារាកម្ពុជា និងក្រុមបាល់ទាត់ ស.ស.យ.ក.​ប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា B ។ ដោយការប្រកួត​នឹងចាប់​ផ្តើមវេលាម៉ោង ១៤:០០ នាទី រសៀល រហូតដល់ម៉ោង ២០:០០ នាទី យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះបើយោងតាមការប្រកាស ក្នុងសន្និសិទសារព័ត៌មាន នារសៀលថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតតេជោ ។

ឯកឧត្តម ខៀវ ភារិទ្ធិ សមាជិកអចិន្រ្តៃ នៃស.ស.យ.កបានគូបញ្ជាក់ថា ការប្រកួតបាល់ទាត់ដើម្បីចូលរួមអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជានេះ បានរៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ដែល​ជាថ្ងៃ បុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លើយ​តបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់​សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម។ ហើយក៏ជាការរំលឹកដល់ការសម្រេច​បាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និង​ឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយ​ឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ពិសេស ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាច​ក្លាហាន និងការធ្វើពលិកម្មគ្រប់ បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវី​រនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញ​នៅ​គ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំង​សមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវ​សង្គ្រាម​នៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេស​នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ក្រៅពី ការចូលរួមអបអរសាទរទិវានេះហើយ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយនេះ ក៏ជាការចូលលើកកម្ពស់វិស័យកីឡាកម្ពុជាផងដែរ។

ឯកឧត្តម បានអះអាងទៀតថា ការរៀបចំនឹងប្រព្រឹត្តិទៅដោយបច្ចេកទេស​ត្រឹមត្រូវ បើទោះបីសមាសភាពកីឡាអ្នកចូលរួមប្រកួតជាមន្រ្តី អ្នកសិល្បៈ និងគុនខ្មែរ ក៏ដោយក៏ការរៀបចំ តាមលក្ខណៈបច្ចេកទេសដូច​ការប្រ​កួត​ព្រឹត្តិការណ៍កីឡាបាល់ទាត់ធំៗដែរ។

ដោយឡែក ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញបានថ្លែង​បញ្ជាក់​ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ ជាការបញ្ជាក់អំពី​ចំណងមិត្ភភាពរវាងស្ថាប័នមួយទៅស្ថាប័នមួយទៀត ។ ហើយវាក៏បង្ហាញ​ពីកីឡាក្នុងសន្តិភាពដែលសក្តិសមនឹងប្រទេសជាតិកម្ពុជារបស់យើង។

ជាមួយគ្នានោះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការប្រកួតនេះ ទស្សនិកជន​អាច​ចូលទស្សនាដោយសេរី ហើយបើពលរដ្ឋនៅឆ្ងាយអាចទស្សនាតាម​ទូរទស្សន៍ ឬបណ្តាញសង្គមក៏បានដែរ។ សម្រាប់ក្នុងព្រឹត្តិការណ៍នេះក៏​នឹង​មាន​ការអញ្ជើញចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់​ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង ១៧:០០នាទីផងដែរ។

គួរបញ្ជាក់ថាក្នុងព្រឹត្តិការណ៍បាល់ទាត់ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅ​កម្ពុជា នេះ មានការសហការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាព​សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ និង សាលារាជធានីភ្នំពេញ៕

រូបភាព ៖ ងីមឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner