កាដូឆ្នាំថ្មីសម្រាប់មន្ត្រីរាជការ និងភ្ញៀវដែលអញ្ជើញមកទទួលសេវាសាធារណៈ និងកិច្ចប្រជុំនានានៅទីស្តីការក្រសួងមុខងារសាធារណៈ
(ភ្នំពេញ)៖ មិនយូរទៀតទេ មន្ត្រីរាជការ និងភ្ញៀវដែលអញ្ជើញមកកាន់ក្រសួងមុខងារសាធារណៈ នឹងមានទីតាំងរួមថ្មីមួយបន្ថែមទៀត សម្រាប់ការជួបជុំ ការពិភាក្សាការងារ ឬជាទីតាំងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីនានា នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ក្នុងរយៈពេលថ្មីៗកន្លងមក ក្រសួងមុខងារសាធារណៈ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទាំងការកែលម្អអគារសម្រាប់បំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទីតាំងចំណតយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងគោលដៅលើកកម្ពស់សុខុមាលភាពដល់មន្ត្រីដើម្បីបំពេញការងារ។ មន្ត្រីរាជការទាំងអស់ ពិតជាសូមថ្លែងអំណរគុណ ដល់ការយកចិត្តទុក្ខដាក់ដ៏កក់ក្តៅ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលលោកតែងតែបានគិតគូរយ៉ាងហ្មត់ចត់ ទាំងការងារស្នូលប្រចាំថ្ងៃរបស់ក្រសួងមុខងារសាធារណៈ ទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការថែទាំសុខុមាលភាព ក៏ដូចជាទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការ ប្រកបដោយគុណភាពខ្ពស់ និងមានផាសុកភាព ៕
ដោយ ៖ ង៉ាន់ ទិត្យ







