ក្រុងកំពង់ចាមមានទីលានទុកដាក់សំរាមថ្មី តម្លៃជិត៩លានដុល្លារ

កំពង់ចាម៖ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ត្រូវបានសម្ពោធជាផ្លូវ​ការ​កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាពឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារ​ណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម លោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ទីលានទុកដាក់សំរាមក្រុងកំពង់ចាមថ្មីនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចី​ឥណទានសម្បទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី មានតម្លៃប្រមាណជិត៩លានដុល្លារអាមេរិក ។ការដ្ឋាននេះ​បាន​សាងសង់​រយៈពេល ១៧ខែ ដោយគិតចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ទីលាននេះ សាងសង់លើ​ផ្ទៃដី​ទំហំ ១៨,៦៨​ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មាន​ប្រសាសន៍ថា ដោយសារបរិមាណសំរាម នៅក្នុងខេត្ត​កំពង់​ចាម មានការកើនឡើង ជាប្រចាំថ្ងៃ ដែលធ្វើឱ្យទីលានទុកដាក់សំរាមបច្ចុប្បន្ន មិនអាចធានាបាននូវកាទុកដាក់សំរាម​ប្រកបដោយសុវត្ថិភាព និងចីរភាព ។ឯកឧត្តមបន្តថា ដោយមានការយកចិត្តទុកដាក់ពី​សំណាក់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ក្នុងការដោះស្រាយផល​ប៉ះពាល់បរិស្ថាន ក្នុងន័យដំណើរប្រទេសជាតិឆ្ពោះទៅរក «បរិស្ថានរូបវន្ត និងធម្មជាតិ​ប្រកបដោយ សុខដុមភាព, ភាពធន់, បរិយាបន្ន»ទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ជ្រើសរើសយកខេត្តកំពង់ចាម អនុវត្តគម្រោង​អភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់មេគង្គ ជំហានទី៤ ដែលបានសម្រេច​សាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្របតាម​ស្តង់ដាបច្ចេកទេសក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការមាន​ប្រសាសន៍ថា ការកសាងទីលានទុកដាក់សំរាម មានសារៈ​សំខាន់ណាស់ ព្រោះសំរាមជាវត្ថុធាតុដើម ដែលអាចបង្កើតការងារ​ជូនដល់ប្រជាពលរដ្ឋ តាមរយៈ ការញែកសំរាម និង​កែច្នៃទៅជា​គុណប្រយោជន៍ សម្រាប់ការប្រើប្រាស់ផ្សេងៗ ។ទីលានទុកដាក់​សំរាមនេះ នឹងចូលរួម​ចំណែក ក្នុងការលើក​កម្ពស់គុណភាព ការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញ ទីតាំងទុកដាក់សំរាមនេះ ជាពិសេស ការកាត់បន្ថយបញ្ហាប្រឈម ទៅលើកត្តាសុខភាព និងការបំពុល បំផ្លាញបរិស្ថានផងដែរ៕
អត្ថបទនិងរូបភាព៖លី ពៅ

ads banner