ជីវិតថ្លៃ! មនុស្ស ២៨នាក់នៅរស់ ក្រោយយន្តហោះមួយគ្រឿងផ្ទុកអ្នកដំណើរ ៦៧នាក់ធ្លាក់នៅកាហ្សាក់ស្ថាន
អាស្តាណា ៖ អាជ្ញាធរកាហ្សាក់ស្ថានបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមានគោលដៅហោះហើរចេញពីប្រទេសអាស៊ែរបៃហ្សង់ សំដៅទៅកាន់ប្រទេសរុស្ស៊ី បានជួបគ្រោះថ្នាក់ធ្លាក់ឆេះនៅក្បែរទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន នៅក្នុងថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
យន្តហោះ Embracer 190 ជើងហោះហើរលេខ J2-8243 របស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែរបៃហ្សង់នេះ មានផ្ទុកមនុស្សសរុបចំនួន ៦៧នាក់ ក្នុងនោះអ្នកដំណើរចំនួន ៦២នាក់ និងក្រុមការងារលើយន្តហោះចំនួន ៥នាក់ មានគោលដៅហោះហើរចេញពីទីក្រុង Baku របស់ប្រទេសអាស៊ែរបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny ភាគខាងត្បូងប្រទេសរុស្ស៊ី។
ប៉ុន្តែជាអកុសល វាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ នៅចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន។ ក្រសួងសង្គ្រោះបន្ទាន់កាហ្សាក់ស្ថានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរចំនួន ២៨នាក់នៅរស់រានមានជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឆេះយន្តហោះនេះ ហើយពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយកាសែតបារាំង AFP។
ផ្អែកតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Interfax បានឱ្យដឹងថា មូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែយោងតាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរកាហ្សាក់ស្ថានបាននិយាយថា យន្តហោះនេះទំនងជាធ្លាក់ដោយសារបញ្ហាបច្ចេកទេស។
ចំណែកក្រុមឃ្លាំមើលអាកាសចរណ៍របស់រុស្ស៊ីបានបញ្ជាក់ថា អ្នកបើកយន្តហោះបានសម្រេចចិត្តចុះចតបន្ទាន់ បន្ទាប់ពីបានហោះបុកសត្វស្លាប។ យ៉ាងណា អាជ្ញាធរកាហ្សាក់ស្ថានបាននឹងកំពុងបើកការស៊ើបអង្កេតបន្ទាន់៕
ប្រភព ៖ Reuters, AFP និង Interfax ប្រែសម្រួល ៖ ឈឹម ទីណា