រដ្ឋមន្ត្រីអប់រំ ជំរុញឱយបង្កើនសាលារៀនគំរូ ដើម្បីផលិតធនធានមនុស្សដែលមានគុណភាព
កំពត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកកត្តាមនុស្សជាវិស័យអាទិភាពទី១ ក្នុងការអភិវឌ្ឍប្រទេស។ទន្ទឹមនេះដើម្បីផលិតធនធានមនុស្សដែលមានគុណភាពបាន ទាមទារឱ្យអ្នកពាក់ព័ន្ធ ពិសេសនាយក នាយិកា និងគ្រូបង្រៀនខិតខំប្រឹងប្រែងប្រែក្លាយសាលារៀនខ្លួនជាសាលារៀនគំរូ។
ក្នុងពិធីប្រកាសលោក សូ ភារិទ្ធ ប្រធានស្តីទី ចូលកាន់តំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពតឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ធនធានមនុស្សជាកត្តាសំខាន់បំផុត សម្រាប់អភិវឌ្ឍប្រទស។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានកំណត់យកកត្តាមនុស្សជាវិស័យអាទិភាពស្នូលទី១ និងបានដាក់ចេញចំណុចអាទិភាពចំនួន ៤ សម្រាប់លើកកម្ពស់វិស័យអប់រំ ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យក្រសួងអប់រំ ចូលរួមចំណែកតាមរយៈការបន្តធ្វើកំណែទម្រង់ដើម្បីបង្កើនគុណភាពនៃការសិក្សាអប់រំកាន់តែប្រសើរ។ ឯកឧត្តមបានជំរុញ លើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ប្រែក្លាយសាលារៀនរបស់ខ្លួនជាសាលារៀនគំរូ។សាលារៀនគំរូជាការងារអាទិភាពមួយរបស់ក្រសួង ដោយកំណត់ត្រឹមឆ្នាំ២០២៨ខាងមុខនេះត្រូវបង្កើនសាលារៀនគំរូឱ្យបានយ៉ាងហោច ៥០០សាលា។សាលារៀនគំរូនៅឆ្នាំ២០២៤ក្រសួងអប់រំ មានការទទួលស្គាល់ចំនួន១២០សាលា ហើយនៅឆ្នាំ២០២៥ខាងមុខ ក្រសួងនឹងចុះទៅវាយតម្លៃសាលារៀនចំនួន១៣០ទៀត។
តាមរយៈការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល១០ឆ្នាំចុងក្រោយនេះឃើញថា លើកទី១ សិស្សប្រឡងជាប់២៥% បន្តមកកើនឡើងដល់៤០% និង ឆ្នាំនេះសិស្សជាប់បានដល់៧៨% ។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំជឿជាក់ថា បទពិសោធន៍ដែលសម្រេចបានក្នុងរយៈពេល១១ឆ្នាំ នៃការធ្វើកំណែទម្រង់ពិតជាផ្លូវមួយដ៏ត្រឹមត្រូវ នាំមកនូវការសម្រេចបានគោលដៅ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងដាក់ចេញ ៕
អត្ថបទនិងរូបភាព៖សិលា សារិន