របាយការណ៍ ៖ សង្គ្រាមពន្ធលោក ត្រាំ នឹងទាញទម្លាក់ GDP សកល ០.៣ភាគរយ
វ៉ាស៊ីនតោន ៖ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ JETRO បានព្យាករថា វាទំនងជាកើតឡើងដែលថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក នឹងត្រូវធ្លាក់ចុះដល់ទៅ ០.៣ភាគរយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បន្តផែនការរបស់គាត់ ក្នុងការតម្លើងពន្ធលើប្រទេសម៉ិកស៊ិក កាណាដា និងចិន។
ការរំពឹងទុកបែបនេះរបស់ JETRO កើតឡើងស្របពេលដែលលោក Trump បានប្រកាសថា លោកនឹងដាក់ពន្ធ ២៥ភាគរយលើការនាំចូលពីម៉ិកស៊ិក និងកាណាដា បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការក្នុងខែមករាដើមឆ្នាំក្រោយ ប្រសិនបើប្រទេសទាំងនោះមិនបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀនហូរចូលទឹកដីសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump ក៏គ្រោងនឹងដំឡើងពន្ធបន្ថែម ១០ភាគរយលើទំនិញពីប្រទេសចិនផងដែរ។
លោក Isono Ikumo ដែលជាអនុប្រធានអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ JETRO បានប៉ាន់ប្រមាណថា សង្គ្រាមពន្ធរបស់លោក Trump អាចនឹងធ្វើឱ្យ GDP របស់ម៉ិកស៊ិកធ្លាក់ចុះ ៣.៨ភាគរយ, កាណាដាធ្លាក់ចុះ ១.២ភាគរយ និង ចិនធ្លាក់ចុះ ០.៣ភាគរយ ដោយសារការដំឡើងពន្ធលើរថយន្ត, ការកែច្នៃម្ហូបអាហារ, ឧស្សាហកម្មអេឡិចត្រូនិក និងអគ្គិសនីជាដើម។
លោក Isono បានកត់សម្គាល់ថា ការតម្លើងពន្ធរបស់លោក Trump ក៏ទំនងជាជះផលអវិជ្ជមានដល់ក្រុមហ៊ុនជប៉ុនដែលធ្វើប្រតិបត្តិការនៅកាណាដា និងម៉ិកស៊ិកផងដែរ ហើយថា ទស្សនវិស័យរបស់លោកចំពោះសេដ្ឋកិច្ចពិភពលោកគឺមិនល្អទេ។
គួរបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ត្រូវបានរំពឹងថា មានចំនួនជិត ១១០ពាន់ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ក្នុងនោះសហរដ្ឋអាមេរិកបានរ៉ាប់រងច្រើនជាងមួយភាគបួននៃចំនួនសរុប។ នេះបើតាមរបាយការណ៍របស់គេហទំព័រ Statista៕
ប្រភព៖ NHK និង Statista ប្រែសម្រួល ៖ ឈឹម ទីណា