បុណ្យដាលាន ដាល់អំបុកឈ្នះឈ្នះ នៅក្រុងរុនតាឯកតេជោសែន

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុងរុនតាឯកតេជោសែន ស្រុកបន្ទាយ​ស្រី ខេត្តសៀមរាប នឹងប្រារព្ធពិធី​បុណ្យដា​លាន ដាល់​អំបុកឈ្នះឈ្នះ ខណៈកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សា​ផ្ទាល់ព្រះមហា​ក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុម​ប្រឹក្សា​ភិបាល វេទិកាសន្តិភាពកម្ពុជា បានអញ្ជើញជា​អធិបតីក្នុងពិធីក្រុងពាលីសម្រាប់កម្មវិធីដាលាន ដាល់អំបុកឈ្នះឈ្នះ​លើកទី៤។

ជាការកត់សម្គាលព្រឹត្តិការណ៍ដាលាន ដាល់អំបុកឈ្នះឈ្នះ ក្រុងរុន​តាឯកតេជោសែន​បានប្រារព្ធ​ឡើង​ស្របពេលនៃ​ការប្រារព្ធខួបលើក​ទី២៦ នៃទិវាសន្តិភាព​នៅកម្ពុជាដែរ​។ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា បានរំលឹកថា ពិធីដាលាន ដាល់​អំបុក​ឈ្នះឈ្នះនេះ ធ្វើឡើងជាលើកទី៤ ដើម្បីអបអរវេទិកាសន្ដិភាព ដែលបានចាប់កំណើតតាំងពីឆ្នាំ២០២១ ដែល​មកដល់ថ្ងៃទី២៩ ខែធ្នូនេះ មានរយៈពេល​បួនឆ្នាំ។ឯកឧត្តមបន្តថា កម្មវិធីដាលាន ដាល់អំបុកឈ្នះឈ្នះ​នេះធ្វើឡើងជា​លើក​ទី៤ ។លើកទី​១ធ្វើនៅខេត្ដកំពង់ឆ្នាំង ,លើក​ទី២​នៅខេត្ដបន្ទាយមានជ័យ ,លើកទី៣​នៅខេត្ដបាត់ដំបង និងលើកទី៤ នៅក្រុងរុនតាឯកតេជោសែននេះ​តែម្តង។

ឯកឧត្តមបន្ថែមថា កម្មវិធីដារលាន ដាល់អំបុកឈ្នះឈ្នះ ជាពិធីមួយ​មិនត្រឹមតែអបអរថ្ងៃកំណើតវេទិកាសន្ដិភាពនេះទេ គឺធ្វើឡើង​ជាការផ្សព្វផ្សាយពីការកសាងសន្ដិភាព ពីគុណតម្លៃនៃសន្តិភាព និងផ្សព្វផ្សាយពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលបាន​ចូលរួមការពារសន្តិភាព។

គួរជម្រាបថា ពិធីបុណ្យដាលាន ជាពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរ​មាន​តាំងពីបុរាណកាលមក បន្ទាប់ពីប្រជាពលរដ្ឋ​បាន​ប្រមូលផលស្រូវ ។ដោយឡែកដាល់អំបុកឈ្នះឈ្នះ គឺភ្ជាប់នឹងនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលសម្ដេចបាន​លះបង់គ្រប់យ៉ាងដើម្បីរកសន្តិភាពជូនប្រទេសជាតិ ។កម្មវិធីនេះ បានភ្ជាប់​ប្រពៃណី​និងប្រវត្ដិសាស្ដ្រមរតកសន្ដិភាពសម្ដេចតេជោ។

ក្នុងកម្មវិធីដាលាន ដាល់អំបុកឈ្នះ ឈ្នះ នេះដែរ សម្ដេចកិត្ដិសង្គហ​បណ្ឌិត ម៉ែន សំអន នឹងអញ្ជើញបញ្ជាន់ស្រូវជានិមិត្ដរូប និងដាល់អំបុក ព្រមទាំងទស្សនាស្ដង់ពិព័រណ៍បន្លែ ត្រីសាច់ និងរាំវង់សន្ដិភាព។

ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ថា កម្មវិធីធ្វើនៅក្រុងរុន​តាឯកតេជោសែននេះ ចង់បង្ហាញពីការអភិវឌ្ឍ​របស់ក្រុង​នេះផងដែរ ។ក្រុងរុនតាឯកតេជោសែននេះ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ជាក់ស្ដែងសំណង់អគារ ផ្ទះប្រជាពលរដ្ឋ ជាពិសេសផ្សារក្រុងរុនតា​ឯក​តេជោសែន មានភាពធំទូលាយជាងគេក្នុង​ចំណោមផ្សារក្នុងក្រុងនៃព្រះ​រាជាណាចក្រកម្ពុជា៕


ដោយ៖ប៊ុន រដ្ឋា

ads banner