ក្រុមហ៊ូទីបាញ់ទម្លាក់យន្តហោះដ្រូន MQ-9 របស់សហរដ្ឋអាមេរិក

សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូទីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដោយជោគជ័យនូវយន្តហោះដ្រូនអាមេរិក MQ-9 ដែលធ្វើបេសកកម្មអរិភាពលើខេត្ត al-Bayda ភាគកណ្តាលនៃប្រទេសយេម៉ែន។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក Yahya Sarea បាននិយាយនៅក្នុងវីដេអូខ្លីមួយថា យន្តហោះដ្រូន MQ-9 ដែលត្រូវបានបាញ់ទម្លាក់ចុងក្រោយនេះ គឺជាយន្តហោះដ្រូនទី១៣ របស់សហរដ្ឋអាមេរិក ដែលត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់ក្រុមហ៊ូទី ក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់យេម៉ែន និងគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។

ក្រុមហ៊ូទី និងយោធាអាមេរិកកំពុងវាយប្រហារគ្នាទៅវិញទៅមក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពេលដែលក្រុមឧទ្ទាមមានអ៉ីរ៉ង់ជាខ្នងបង្អែកនេះ បានចាប់ផ្តើមបាញ់មីស៊ីលប្រឆាំងនាវា និងវាយប្រហារដោយយន្តហោះដ្រូន ជាអ្វីដែលពួកគេនិយាយថា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប។

ចាប់តាំងពីខែមករាមក សម្ព័ន្ធកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលឈរជើងក្នុងតំបន់ បានធ្វើការវាយឆ្មក់តាមអាកាសជាទៀងទាត់ និងវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ូទី ដើម្បីរារាំងក្រុមនេះ។

សូមរម្លឹកថា ក្រុមហ៊ូទីបានដណ្តើមកាន់កាប់ខេត្តភាគខាងជើងជាច្រើននៅចុងឆ្នាំ ២០១៤ នៅពេលដែលសង្រ្គាមស៊ីវិលនៅក្នុងប្រទេសយេម៉ែនបានផ្ទុះឡើង ដោយបង្ខំឱ្យរដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចេញពីរដ្ឋធានីសាណាអា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner