ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរ​កាន់តែរឹងមាំ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យ​ចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុត​នៅ​កម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេស​សរុ​ប​ជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។

នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយ​រីករាយ​នៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជា​មានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់​ការរស់នៅបែបស៊ីវិល័យដែលមិនធ្លាប់មានពីមុន។

សុខសន្តិភាព បានធ្វើឱ្យស្ថានភាពប្រទេសជាតិផ្លាស់ប្តូរខុសពីអតីតកាល​ទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីការបាញ់កាំភ្លើង កាប់សម្លាប់គ្នាដ៏គួរឱ្យព្រឺខ្លាច មកជាការបាញ់កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យយ៉ាងសប្បាយរីករាយ។ ប្តូរពីសម្រែកដោយក្តីឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ មកជាសម្រែក​ហ៊ោកញ្ជៀវដោយក្តីសប្បាយរីករាយ។ ប្តូរពីស្ថានភាពតោកយ៉ាកអត់​បាយ​ក្រហាយទឹកមករកភាពសម្បូរបែប។ ប្តូរពីភា​ពក្រៀមក្រោះស្រពាប់ស្រពោន​មកមានស្នាមញញឹមស្រស់ស្រាយ ពោលគឺសុខសន្តិភាពបានធ្វើឱ្យប្រទេស​កម្ពុជា​បានស្គាល់ការផ្លាស់ប្តូរទាំងស្រុង ទាំងស្ថានភាពសង្គម នយោបាយ ទាំងផ្នត់គំនិតមនុស្ស។

ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះកើតឡើងដោយសារកម្ពុជាមានមេដឹកនាំដ៏ខ្លាំងពូកែនិងលះបង់ខ្ពស់ចំពោះជាតិនិងប្រជាពលរដ្ឋដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាពនិង​ភាពវាងវៃដូចសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការផ្លាស់ប្តូរស៊ីជម្រៅនេះ ក៏កើត​ឡើងដោយសារប្រជាពលរដ្ឋឈរនៅខាងភាពត្រឹមត្រូវ ពោលគឺពួកគេតែង​ផ្តល់​យុត្តិធម៌ដល់អ្នកដឹកនាំនិងប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយ​ជ្រុល​និយមដែលរង់ចាំតែបំផ្លិចបំផ្លាញនិងជាន់ពន្លិចជាតិខ្លួនឯង។ ជាក់ស្តែង ក្នុងឱកាស​បុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ នេះ កម្មវិធី «សាទរកម្ពុជា» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនិងមានប្រជាពលរដ្ឋនិងយុវជនចូលរួមយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។ បើទោះបីជាមានជនជ្រុលនិយមមួយក្តាប់តូច បានឆ្លៀតយកឧបទ្ទវហេតុបន្តិច​បន្តួចដែលកើតឡើងដោយសារបញ្ហាបច្ចេកទេសដើម្បីជាន់ពន្លិចតម្លៃជាតិសាសន៍ខ្លួនឯងយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅតែរក្សាភាព​សប្បាយរីករាយនិងមោទនភាពជានិច្ចចំពោះសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលសម្រេចបាន។

សរុបមកវិញ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្រោមម្លប់សុខសន្តិភាព បានក្លាយជាមោទនភាពជាតិ ដែលមិនអាចបាត់បង់ទៅវិញឡើយ ពីព្រោះវា​ជាក្តីសុខសប្បាយដែលកម្រកើតមានណាស់ នៅក្នុងប្រទេសកម្ពុជា​ដ៏កំសត់​របស់យើង។ ដូច្នេះ​ ប្រជាពលរដ្ឋខ្មែរត្រូវតែរក្សាឱ្យបាននូវស្នាមញញឹម​និងក្តី​សង្ឃឹម​នេះឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូតតទៅ តាមរយៈការចូលរួមជាមួយ​រាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាពដោយមិនអនុញ្ញាតឱ្យជនណាឬក្រុមណាមកបំផ្លាញបានជាដាច់ខាត៕

ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner