ឯកឧត្តម នេត្រ ភក្ត្រា៖ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គ្រោងនឹងដាក់ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅអំឡុងចុងឆ្នាំ២០២៥
ក្រចេះ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយក្រុមការងារ មន្ត្រីជំនាញសាធារណៈការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសការពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា “គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៧,០២ភាគរយ ខណៈដែលគម្រោងទាំងមូល រួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ, ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផលបាន ៥៣,១៤ភាគរយនោះហើយ។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ប្រសិនបើគ្មានការប្រែប្រួលនោះទេ នោះស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជាបណ្តោះអាសន្ន នៅកំឡុងចុង ឆ្នាំ២០២៥ ខាងមុខ។ឯកឧត្តម បន្តថា គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់ រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣ ។
ឯកឧត្តមបានបញ្ជាក់ទៀតថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះប្រវែង១៦,២០៨គីឡូម៉ែត្រ។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម លឹម ស៊ីដេនីន បានបញ្ជាក់ថា ផ្លូវ និងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន ៕
ដោយៈឡុង សំបូរ