ស៊ុយអែតជះលុយជិត ២ ពាន់លានដុល្លារទិញរថក្រោះចម្បាំងថ្មី
ស្តុកខុល ៖ ស្ថិតក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ ជាពិសេសកងរថក្រោះចម្បាំងនោះ ស៊ុយអែតដែលជាសមាជិកថ្មីថ្មោងរបស់អង្គការណាតូ គ្រោងចំណាយលុយជាង ១.៩៧ពាន់លានដុល្លារ បញ្ជាទិញរថក្រោះចម្បាំងថ្មី និងជួសជុលរថក្រោះចម្បាំងដែលមានស្រាប់។
ស៊ុយអែតនឹងទិញរថក្រោះចម្បាំងដ៏ទំនើប Leopard 2 A8 របស់អាល្លឺម៉ង់ ចំនួន ៤៤គ្រឿង ខណៈដែលប្រទេសបាល់ទិកមួយនេះ មានគោលដៅធ្វើទំនើបកម្មឃ្លាំងអាវុធការពារជាតិរបស់ខ្លួន។ ការបញ្ជាទិញរថក្រោះចម្បាំងថ្មីនេះ កើតឡើងបន្ទាប់ពីទីភ្នាក់ងារការពារជាតិស៊ុយអែត (FMV) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាវុធអាល្លឺម៉ង់-បារាំង (KNDS)។ ការដឹកជញ្ជូន ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ ហើយបន្តរហូតដលឆ្នាំ ២០៣១។
ក្នុងនោះ រថក្រោះចំនួន ១០គ្រឿងនឹងជំនួសរថក្រោះដែលស៊ុយអែតផ្តល់ឱ្យអ៊ុយក្រែនប្រើក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។ បន្ថែមពីលើការទិញរថក្រោះចម្បាំងថ្មី រថក្រោះ Leopard 2 ចំនួន ៦៦គ្រឿងផ្សេងទៀតក៏នឹងជួសជុលផងដែរ ដែលនេះគឺជាការធ្វើទំនើបកម្មកងរថក្រោះចម្បាំងចាប់តាំងពីរថក្រោះជាច្រើនត្រូវបានទិញនៅដើមទសវត្សរ៍ឆ្នាំ ២០០០។ ប្រទេសស៊ុយអែតនឹងមានកងរថក្រោះទំនើបចំនួន ១៥គ្រឿងនៅត្រឹមចុងឆ្នាំ ២០៣១។
លើសពីនេះ រដ្ឋាភិបាលស៊ុយអែតក៏បានពន្លឿនការជួសជុលយានជំនិះប្រយុទ្ធដែលមានស្រាប់ចំនួន ៩០គ្រឿងផងដែរ។ ស៊ុយអែតដែលមិនចូលបក្សសម្ព័ន្ធយោធាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានសម្រេចចិត្តស្នើសុំចូលជាសមាជិកអង្គការណាតូ រួមជាមួយប្រទេសជិតខាងហ្វាំងឡង់ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ប្រទេសទាំងពីរបានចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិចកាលពីខែមីនា ឆ្នាំ២០២៤៕
ប្រភព ៖ DW ប្រែសម្រួល ៖ ឈឹម ទីណា