ឆ្នាំ ២០២៧ ចិនគ្រោងសង់រោងចក្រដើរដោយប្រព័ន្ធអ៊ីនធីណិត 5G ចំនួន ១ ម៉ឺនរោងចក្រ
ប៉េកាំង ៖ ប្រទេសចិនបានកំណត់គោលដៅសាងសង់រោងចក្រចំនួន ១០,០០០រោងចក្រ ដែលដំណើរការដោយប្រព័ន្ធអ៊ីនធើណិត 5G ហើយនឹងសាកល្បងដំណើរការឧស្សាហកម្មបំពាក់ប្រព័ន្ធអ៊ីនធើណិត 5G+ នៅក្នុងទីក្រុងជាង២០ នៅឆ្នាំ ២០២៧។ នេះបើយោងតាមផែនការដែលចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន។
ផែនការនេះធ្វើឡើងមានគោលបំណងពន្លឿនការរួមបញ្ចូលគ្នា នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនងដែលជំរុញដោយទិន្នន័យ ព្រមទាំងផ្តោតលើការបង្កើតប្រព័ន្ធបណ្តាញឧស្សាហកម្មថ្មីមួយ ដែលដំណើរការដោយប្រព័ន្ធអ៊ីនធើណិត 5G។
ផែនការខ្នាតយក្សរបស់ប្រទេសចិននេះ បានកំណត់គោលដៅថា នៅឆ្នាំ ២០២៧ ឧស្សាហកម្មបំពាក់ប្រព័ន្ធអ៊ីនធើណិត 5G+ នឹងត្រូវបានរួមបញ្ចូលយ៉ាងទូលំទូលាយទៅក្នុងវិស័យសំខាន់ៗ នៃសរសៃឈាមសេដ្ឋកិច្ចពិតប្រាកដ ដោយគ្របដណ្តប់លើទិដ្ឋភាពចំនួន ៥យ៉ាង មានដូចជាហេដ្ឋារចនាសម្ព័ន្ធបណ្តាញ, ផលិតផលបច្ចេកវិទ្យា, កម្មវិធីរួមបញ្ចូលគ្នា, ប្រព័ន្ធអេកូឧស្សាហកម្ម និងសេវាកម្មសាធារណៈ។
បច្ចុប្បន្ននេះ ប្រទេសចិនមានគម្រោងបង្កើតឧស្សាហកម្មបំពាក់ប្រព័ន្ធអ៊ីនធើណិត 5G+ ជាង ១៧,០០០កន្លែង ដែលគ្របដណ្តប់លើវិស័យឧស្សាហកម្មធំៗចំនួន ៤១។
ប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោកមួយនេះ បានសាងសង់រោងចក្របំពាក់ប្រព័ន្ធអ៊ីនធើណិត 5G ច្រើនជាង ៤,០០០រោងចក្រ ក្នុងនោះ ៧០០រោងចក្របានដាក់បញ្ចូលនៅក្នុងបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) ដោយចាត់ទុកជារោងចក្របំពាក់ប្រព័ន្ធអ៊ីនធើណិត 5G កម្រិតខ្ពស់ ហើយរោងចក្រទាំងនោះកំពុងដំណើរការផ្នែកផលិតកម្ម, ការជីកយករ៉ែ, ថាមពល និងកំពង់ផែជាដើម៕
ប្រភព ៖ CGTN ប្រែសម្រួល ៖ ឈឹម ទីណា