Toyota ចាយទុនជាង ៤៤លានដុល្លារប្រឡូកក្នុងវិស័យអវកាស
តូក្យូ ៖ បន្ទាប់ពីរកស៊ីក្នុងវិស័យរថយន្តជិត ១០០ឆ្នាំ ឥឡូវនេះក្រុមហ៊ុន Toyota គ្រោងនឹងបោះទុនវិនិយោគជាង ៤៤លានដុល្លារទៅក្នុងក្រុមហ៊ុន Interstellar Technologies ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដើម្បីជួយក្រុមហ៊ុនអវកាសឯកជនមួយនេះ អភិវឌ្ឍគ្រាប់រ៉ុក្កែតដែលអាចបាញ់បង្ហោះនាំយកផ្កាយរណបចូលទៅក្នុងគន្លងផែនដី។
តាមរយៈការវិនិយោគនេះនឹងធ្វើឱ្យ Toyota ក្លាយជាក្រុមហ៊ុនផលិតឡានទី២របស់ប្រទេសជប៉ុន ដែលបានបោះទុនប្រឡូកក្នុងវិស័យអវកាស។ ក្រុមហ៊ុនផលិតឡានដំបូងរបស់ជប៉ុន គឺ Mitsubishi ដែលបានបង្កើតគ្រាប់រ៉ុក្កែត H3 សម្រាប់ទីភ្នាក់ងារអវកាសជប៉ុន JAXA។ បច្ចុប្បន្នក្រុមហ៊ុនដៃគូរបស់ Toyota គឺ Interstellar Technologies កំពុងអភិវឌ្ឍគ្រាប់រ៉ុក្កែតតូចមួយ ដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី។
យោងតាមសារព័ត៌មាន Japan Times បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុន Interstellar Technologies មានចក្ខុវិស័យកែលម្អឱ្យវិស័យអវកាសរបស់ខ្លួនកាន់តែល្អប្រសើរ និងមានគោលបំណងដំណើរការការបាញ់រ៉ុក្តែត ៣០ដងក្នុងមួយឆ្នាំ នៅឆមាសទី១ ឆ្នាំ ២០៣០។
ទាំងវិស្វករនៅក្រុមហ៊ុន Toyota និង Interstellar Technologies ចង់អភិវឌ្ឍបណ្តាញទូរគមនាគមន៍ដែលមានមូលដ្ឋាននៅឯលំហរអាកាស ដើម្បីគាំទ្រដល់គម្រោង Woven របស់ Toyota ដែលជាទីក្រុងគំរូសម្រាប់អនាគត មានទំហំ ១៧៥ហិចតា ស្ថិតនៅក្បែរជើងភ្នំហ៊្វូជី ប្រទេសជប៉ុន៕
ប្រភព ៖ UPI និង Japan Times ប្រែសម្រួល ៖ ឈឹម ទីណា