បេស្បលកម្ពុជា ចាប់ដៃជាមួយសមាគមកីឡាកម្ពុជាអាមេរិក ដើម្បីអភិវឌ្ឍន៍បេស្បល និង សុហ្វបលកម្ពុជា
(ភ្នំពេញ)៖ សហព័ន្ធកីឡាបេស្បលនិងសុហ្វបលកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមកីឡាកម្ពុជាអាមេរិក ដើម្បីបង្កើតកិច្ចសហការណ៍ក្នុងភាពជាដៃគូជួយជំរុញការអភិវឌ្ឍន៍កីឡាបេស្បលនិងសុហ្វបលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។
អនុស្សារណៈយោគយល់គ្នានេះបានធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយលោក ឆែម តារាប្រធានសហព័ន្ធ និងលោក Sokhary Chau ក្រោមវត្តមានជាសាក្សី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា តំណាង ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជូនណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំយុវជនិងកីឡា។
លោក ឆែម តារា បានថ្លែងបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នារវាងសហព័ន្ធកីឡាបេស្បលនិងសុហ្វបលកម្ពុជា ជាមួយសមាគមកីឡាកម្ពុជាអាមរិកនេះ បានបង្កើតឡើងក្នុងគោលរួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកីឡាបេស្បលនិងសុហ្វបលនៅកម្ពុជាកាន់តែមានសក្តានុពលឈានទៅប្រកួតមេដាយបានពីការប្រកួតកម្រិតអន្តរជាតិដូចជាស៊ីហ្គេមជាដើម។
លោក ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា ខ្លឹមសារសំខាន់នៃអនុស្សារណៈនេះ មានដូចជា បង្កើតកិច្ចសហការគ្នាក្នុងភាពជាដៃគូពង្រឹងកីឡាបេស្បលនិងសុហ្វបលនៅកម្ពុជា តាមរយៈការនាំយកកីឡាករបេស្បលឈាមជ័រខ្មែរមកជួយកម្ពុជា និងនាំយកបច្ចេកទេសល្អៗមកបង្វឹកដល់កីឡាករកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងគូសបញ្ជាក់ដែរថា ការចុះអនុស្សរណៈយោគយល់គ្នារវាងសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា និងសមាគមកីឡាកម្ពុជាអាមេរិក នាពេលនេះ គឺជាមោទនភាព ដែលប្រធានសហព័ន្ធបេស្បល សុហ្វបលកម្ពុជាតែងតែធ្វើការងារអភិវឌ្ឍជំនាញកីឡាយ៉ាងសកម្មជាមួយនឹងការលះបង់ដ៏ខ្ពង់ខ្ពស់ និងមានតម្លៃដ៏ធំធេង។
ការចូលរួមក្នុងពិធីចុះហត្ថលេខា MoU របស់ឯកឧត្តម គឺជាសក្ខីភាព និងជាការលើកទឹកចិត្តគាំទ្រដល់ការចុះហត្ថលេខា នាពេលនេះ ដោយតាមរយៈកិច្ចសហការនេះនឹងផ្តល់ផលប្រយោជន៍ធំធេងណាស់ សម្រាប់បន្តដំណើរការអភិវឌ្ឍជំនាញកីឡាកម្ពុជា ក្នុងឱកាសដែលកម្ពុជាកំពុងត្រូវការជំនួយបច្ចេកទេសច្រើន ក្នុងដំណើរការអភិវឌ្ឍនេះ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ