ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ បំផុសគំនិតប្រជាពលរដ្ឋប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំផុសគំនិតឱ្យប្រជាពលរដ្ឋពិចារណា អំពីការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ហើយត្រូវរួមគ្នារិះរកគោលនយោបាយ និងវិធានការដើម្បីគ្រប់គ្រងថែរក្សាធនធាន ដែលជាគ្រឿងបង្គុំសំណង់ទាំងនោះឱ្យបានល្អ និងមាននិរន្តរភាពជាប្រយោជន៍ប្រើប្រាស់ក្នុងវិស័យសំណង់សម្រាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត ។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលនយោបាយជាតិ ស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់ នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីប្រមូលធាតុចូលសម្រាប់ការតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់ ។ មិនតែប៉ុណ្ណោះ នេះជាវេទិកាមួយដ៏សំខាន់ដើម្បីប្រមូលមតិយោបល់និងធាតុចូលថ្មីបន្ថែមទៀត សម្រាប់ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត បទបញ្ញត្តិបច្ចេកទេសទាក់ទងនឹងវិស័យសំណង់ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងអនុវត្តបានប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាសម្ភារៈសំណង់ដែលប្រើប្រាស់មានគុណភាពនិងសុវត្ថិភាព បង្កើនបរិយាកាសដែលអាចជឿទុកចិត្តបានសម្រាប់ម្ចាស់សំណង់និងអ្នកប្រើប្រាស់សំណង់ លើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ដែលជាផលិតផលក្នុងស្រុកនិងមានការត្រួតពិនិត្យត្រឹមត្រូវ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងប្រែក្លាយឧស្សាហកម្មគ្រឿងបង្គុំសំណង់ជាប្រភពចំណូលនៃវិស័យសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់បន្ថែមថា លោកមានបំណងចង់ឃើញវិស័យសំណង់ គ្រឿងបង្គុំសំណង់ ឧស្សាហកម្មកម្ចីប្រាក់ រុក្ខជាតិលម្អ គឺជាកន្លែងដែលប្រជាជនមានការងារធ្វើ មានប្រាក់ចំណូល ហើយសង្ឃឹមថាតាមរយៈនេះប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមជាតិនឹងមានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើនិងប្រាក់ចំណូល ហើយកូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាអប់រំគ្រប់ៗគ្នា នោះប្រទេសជាតិនឹងរក្សាបាននូវសុខសន្តិភាពនិងការរីកចម្រើនតជំនាន់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា លោកបានស្នើទៅឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលឧស្សាហកម្មសំណង់ ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មរុក្ខជាតិលម្អ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មចិញ្ចឹមសត្វ ឧស្សាហកម្មកម្ចីប្រាក់ ពីព្រោះឧស្សាហកម្មទាំងនេះ ចាប់ផ្ដើមមានភាពចាស់ទុំ និងជាប្រភេទឧស្សាហកម្មចាំបាច់សម្រាប់យើងទាំងអស់គ្នា ។ ជាក់ស្ដែងដូចជាឧស្សាហកម្មសំណង់ ជាឧស្សាហកម្មដែលត្រូវការស្ថាបត្យករ វិស្វករ និងកម្មករ ហើយថវិកាដែលត្រូវចំណាយក្នុងការធ្វើសំណង់នេះ នឹងហូរចាក់ចូលទៅគ្រប់កោសិកានៃសង្គមជាតិ, ដោយឡែកឧស្សាហកម្មសង្ហារឹមនឹងអាចនាំចេញគ្រឿងសង្ហារឹមទៅលក់នៅក្រៅប្រទេស ដែលប្រៀបបានទៅនឹងការដាក់ទរបង្ហូរចំណូលពីក្រៅប្រទេសចូលមកក្នុងប្រទេសដូចគ្នាដែរ ដូច្នេះឧស្សាហកម្មទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់បន្ថែមទៀតថា សិក្ខាសាលានាពេលនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី ។
សូមជម្រាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យពិគ្រោះយោបល់នូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តសរុបចំនួន ១៥៥ ដើម្បីបម្រើឱ្យវិស័យសំណង់ ដែលក្នុងនោះរួមមាន៖
១. គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវ លិខិតបទដ្ឋាន បទប្បញ្ញតិ្ត បទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំបច្ចេកទេស កំពុងដំណើរការរៀបចំមានចំនួន ៤០
២. លិខិតបទដ្ឋានគតិយុត្តដែលបានរៀបចំរួច និងដាក់ជូនក្រុមការងារច្បាប់ដើម្បីពិនិត្យមានចំនួន ៥
៣. លិខិតបទដ្ឋានគតិយុត្តកំពុងឆ្លងក្រុមការងារអន្តរក្រសួងមានចំនួន ៣
៤. លិខិតបទដ្ឋានគតិយុត្តគ្រោងរៀបចំមានចំនួន ៤០
៥. លិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តរួចមានចំនួន ៦៧ ៕
ដោយ / គ្រី សម្បត្តិ