យូអិន ៖ សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ផ្តាច់ជីវិតជនស៊ីវិលស្លូតត្រង់ជាង ១ម៉ឺននាក់
អ.ស.ប ៖ អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្មីៗនេះថា ជនស៊ីវិលស្លូតត្រង់ជាង ១២,០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានចាប់ផ្តើមជិត ៣ឆ្នាំមុន។
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ភ្លើងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី បានឆក់យកអាយុជីវិតជនស៊ីវិលយ៉ាងតិច ១២.៣៤០នាក់ និង ២៧.៨៣៦នាក់ផ្សេងទៀតរងរបួសនៅចន្លោះខែកុម្ភៈ ឆ្នាំ ២០២២ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤។ ភាគច្រើននៃជនរងគ្រោះទាំងនោះ បានរងការវាយប្រហារនៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន។
ទន្ទឹមគ្នា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងផលប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ ដោយសារការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងការប្រើប្រាស់អាវុធថ្មីៗរវាងភាគីជម្លោះទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន)។
ឆ្លើយតបនឹងក្តីព្រួយបារម្ភនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសារជាវីដេអូមួយថា លោកនឹងចូលរួមសន្និសីទអន្តរជាតិ ដែលនឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីជំនួយយោធាដល់ទីក្រុងកៀវ។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា អាទិភាពសំខាន់របស់អ៊ុយក្រែន គឺការពង្រឹងការការពារដែនអាកាសបន្ថែមទៀត ដើម្បីផ្តល់ឱ្យប្រទេសនូវលទ្ធភាពយ៉ាងហោចណាស់រុញយន្តហោះយោធារុស្ស៊ីឱ្យឆ្ងាយពីទីក្រុង និងព្រំដែនរបស់ខ្លួន៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា