អ៊ុយក្រែនបង្អួតយន្តហោះដ្រូនបំផ្លាញលុយរុស្ស៊ីអស់រាប់លានដុល្លារ
អ៊ុយក្រែនបានតាំងបង្អួតយន្តហោះគ្មានមនុស្សបើក ឬដ្រូន ដែលរចនាឡើងបំពាក់បច្ចេកវិទ្យាទំនើប ដោយពួកវាបានធ្វើឱ្យរុស្ស៊ីខាតបង់លុយអស់រាប់លានដុល្លារនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ។
នៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិ CES 2025 នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ក្រុមហ៊ុនអ៊ុយក្រែនមានបំណងចាប់យកទីផ្សារយោធា និងស៊ីវិល រាប់ចាប់ពីឧបករណ៍យោធាដែលមានប្រសិទ្ធភាពខ្ពស់ រហូតដល់ឧបករណ៍ដ្រូទៅតាមចំណង់ចំណូលចិត្តអតិថិជន។
នៅក្នុងព្រឹត្តិការណ៍នោះ អ៊ុយក្រែនបានបង្ហាញយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទ រួមទាំងដ្រូន Shrike និង Vampire ដែលត្រូវបានប្រើប្រយុទ្ធជាមួយរុស្ស៊ី។ តួយ៉ាង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ យន្តហោះដ្រូន Shrike បានវាយប្រហារក្បួនឡានរុស្ស៊ី។ នៅពេលនោះ យន្តហោះដ្រូនសរុបចំនួន ៣៥គ្រឿងត្រូវបានដាក់ពង្រាយ ដោយពួកវាបានបំផ្លាញរថក្រោះរុស្ស៊ីចំនួន ៨គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើងចំនួន ៤គ្រឿង ដែលមានតម្លៃ ១៩លានដុល្លារ។
ចំណែកយន្តហោះដ្រូន Vampire ដែលត្រូវបានបញ្ជូនឱ្យទៅកងពលតូចមួយកាលពីមួយខែមុននោះ បានបំផ្លាញទ្រព្យសម្បត្តិរបស់រុស្ស៊ីមានតម្លៃ ៥៦លានដុល្លារ រួមទាំងឃ្លាំងស្តុកសព្វាវុធ, រថក្រោះ, ប្រព័ន្ធការពារអាកាស និងកាំភ្លើងធំ។
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា