ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើងនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
(ភ្នំពេញ)៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើង នាខែឧសភា ឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញលើផ្ទៃដីជាងមួយហិកតា ។
ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះ នារសៀលថ្ងៃទី១៣ មករា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះ ពិនិត្យទីតាំងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលមានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈៀងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជា ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោង និង តង់លក់អាហារចេញ និងណែនាំអោយដាំស្មៅក្នុងទីតាំងនេះឱ្យបានស្រស់ស្អាតផងដែរ ។
សូមជម្រាបជូនថា ព្រះរាជពិធីច្រត់ព្រះនង្គ័លកម្ពុជា គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ។ ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ