ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ៖ នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះ ។

ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះរួមមាន ៖

១). នាយកដ្ឋាននីតិកម្ម ត្រូវអនុលោមភាពជាមួយបទប្បញ្ញត្តិទាំងឡាយ ដោយប្រកាន់ភ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌

២). នាយកដ្ឋាននីតិកម្ម ត្រូវតែធ្វើការគ្រប់គ្រងទៅលើកិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន ឬដៃគូរពាក់ព័ន្ធ

៣). ប្រយុទ្ធប្រឆាំងនឹងភាពមិនត្រឹមត្រូវ ដោយត្រូវតែពន្យល់គ្នាជានិច្ចរវាងកិច្ចសហការ និងផ្នែកពាក់ព័ន្ធដើម្បីបានយល់គ្នាក្នុងភាពសុក្រិត

៤). នាយកដ្ឋាននីតិកម្ម ត្រូវការពារដោយផ្លូវច្បាប់ដល់អ្នកប្រើប្រាស់សេវា និងអ្នកផ្តល់សេវា

៥). ត្រូវតែយកចិត្តទុកដាក់កំណែទម្រង់ជាយុទ្ធសាស្រ្តក្នុងការងារនីតិកម្ម ដោយសហការណ៍ជាមួយនាយកដ្ឋានឌីជីថល

៦). សូមឱ្យពង្រឹងសមត្ថភាពមន្រ្តីតាមរយៈការបណ្តុះបណ្តាលបន្ត ការតាមដានត្រួតពិនិត្យលើច្បាប់លិខិតបទដ្ឋានគតិយុត្តរបស់ជាតិ-អន្តរជាតិ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋាននីតិកម្ម ដែលតែងតែខិតខំយកចិត្តទុកដាក់ក្នុងការបម្រើការងារកន្លងមក ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner