គណៈប្រតិភូក្រសួងមុខងារសាធារណៈចុះពិនិត្យក្នុងការវាយតម្លៃនៅសាលាមតេ្តយ្យសិក្សាធនធានកកោះ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖គណៈប្រតិភូក្រសួងមុខងារសាធារណៈដឹកនាំដោយឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ,ក្រសួងមុខងារសាធារណៈ ,ក្រសួងអប់រំ យុវជននិងកីឡា,ក្រសួងមហាផ្ទៃ ,ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅសាលាមតេ្តយ្យសិក្សាធនធានកកោះ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ជម្រាបគណៈប្រតិភូ លោកស្រី គុយ ម៉ារី គណៈគ្រប់គ្រងសាលាមតេ្តយ្យសិក្សាធនធានកកោះ ដែលជាបេក្ខភាពជ័យលាភីក្នុងដំណាក់កាលពិនិត្យមានតម្លៃសម្រេចចុងក្រោយបានបញ្ជាក់ថាការវាយតម្លៃបានឈរលើមូលដ្ឋានចំនួនប្រាំមួយមាន៖១.ស្តង់ដាសេវាសាធារណៈ ,២.ស្តង់ដារនិយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ,៣.ការគ្រប់គ្រងហិរញ្ញវត្ថុ ,៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស, ៥.ការរៀបចំកែលម្អបរិស្ថាន និងទី៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ។

លោក យឹម សំណាង អភិបាលរងខេត្តបានសរសើរសាលាមត្ដេយ្យសិក្សាធនធានកកោះថា ជាសាលាគំរូប្រចាំខេត្ត។ កាលពីឆ្នាំ២០២២-២០២៣កន្លងទៅសាលាទទួលបានពាន់រង្វាន់សាលាស្តង់ដាគំរូចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តាខេត្តដែលបានចូលរួមប្រឡងប្រណាំង។ លោកអភិបាលរងខេត្តសង្ឃឹមថា ក្នុងការចុះពិនិត្យវាយតម្លៃនៅថ្ងៃនេះនឹងជំរុញបន្ថែមទៀតលើការប្រឡងប្រណាំងសាលាគំរូនៅទូទាំងខេត្ត។

ចំណែកឯកឧត្តម ឆាយ ឆត្រាវុធ បានបញ្ជាក់ថា ការចុះវាយតម្លៃនេះមានភាពយុត្តិធម៌ និងតម្លាភាព បរិយាបន្ន។ ជាដំណើរការមួយធ្វើឱ្យមានជំនឿទុកចិត្តទៅដល់គណៈកម្មការវាយតម្លៃក៏ដូចជាជំនឿទុកចិត្តទៅលើអាណាព្យាបាល និងសហគមន៍ អាជ្ញាធរគ្រប់កម្រិតថ្នាក់ ។ឯកឧត្តមបន្តថា រាល់ការជ្រើសរើស គឺចេញពីទិដ្ឋភាពពីរ។ ទី១.ស្តាប់ពីការបង្ហាញរបស់គណៈគ្រប់គ្រងសាលា ,ទី២.ការពិនិត្យទីតាំងជាក់ស្ដែង ដែលមានអ្វីចង់បង្ហាញដល់គណៈកម្មការ៕
ដោយ៖ឃិន គន្ធា




