លោកជំទាវ ពោធិតី សាវត្ថី៖ ជនសង្ស័យដែលក្រុមប្រឆាំងថាជាអ្នកជួលឃាតករបាញ់សម្លាប់លោកលិម គឹមយ៉ា គឺជាមនុស្សរបស់ សម រង្ស៊ី
ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍បញ្ជាក់ថា ជនសង្ស័យឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត ដែលទណ្ឌិតសម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមលើកឡើងថា ជាជនជាតិខ្មែរឈ្មោះ លី រតនរស្មី ដែលជាអ្នកជួលឃាតករបាញ់សម្លាប់លោក លិម គឹមយ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅប្រទេសថៃ គឺជាមនុស្សរបស់ទណ្ឌិត សម រង្ស៊ី។ ដោយលោកជំទាវបានចោទសួរថា តើនរណានៅពីក្រោយខ្នង? តើអ្នកណាជាអ្នករៀបចំគម្រោង?។ ប៉ុន្តែហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយមចោទប្រកាន់ទាំងគ្មានមូលដ្ឋានមកលើរាជរដ្ឋាភិបាលកម្ពុជាទៅវិញ។
លោកជំទាវ ពោធិតី សាវត្ថី បានថ្លែងថា ៖ “… ខ្ញុំក៏ទទួលបានព័ត៌មានថា បើសិនជាឈ្មោះ លី រតនរស្មី ជាជនបង្កប់មែន គឺជារឿងត្រឹមត្រូវដែល សម រង្ស៊ី បានប្រកាសថានឹងមានចលនាផ្ការីកផ្ទុះនៅក្នុងប្រទេសចេញមក គឺជាគម្រោងការពិតប្រាកដរបស់ សម រង្ស៊ី , មូរ សុខហួរ និងក្រុមប្រឆាំងឬយ៉ាងណា? ពីព្រោះខ្ញុំអត់ដឹងថា ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត ជាឈ្មោះខ្មែរ លី រតនរស្មី ផង ខ្ញុំឮពីអាស៊ីសេរីលើកឡើងទេ ខាងពួកប្រឆាំងលើកឡើងទេ បានជាខ្ញុំឆ្ងល់។ បើសិនជាអ៊ីចឹងមែនចលនាផ្ការីករបស់ សម រង្ស៊ី ជាអ្នករៀបចំឡើង។ ចុះឃាតកម្មហ្នឹង តើឃាតកម្មនេះនរណានៅពីក្រោយ? យើងត្រូវរង់ចាំឱ្យប៉ូលិសទាំងបីប្រទេស (ថៃ-កម្ពុជា-បារាំង) គេស្រាវជ្រាវចេញបញ្ចេញសិន។ ហើយចោទប្រកាន់មកលើខ្មែរគ្នាឯង។ … សូមឱ្យបងប្អូនប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូច”។
លោកជំទាវ ពោធិតី សាវត្ថី បានបន្តថា ករណីឃាតកម្មលើលោក លិម គឹមយ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គឺ សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកគាត់សង្ឃឹមថា សម្តេចតេជោជាអ្នកនៅពីក្រោយ គេនឹងរកឃើញ។ ហេតុអ្វីក៏សម រង្ស៊ី ដឹងទុកមុនល្អម្ល៉េះ នេះជារឿងមួយដែលឆ្ងល់ឃើញថាវាមិនប្រក្រតី។ ដល់អ្នកគាំទ្រគាត់បន្ទរតាមក្រោយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។ បន្តិចទៀតសមត្ថកិច្ចជំនាញបីប្រទេសគេនឹងបញ្ចេញព័ត៌មានហើយ ជាពិសេសថៃនឹងបញ្ចេញហើយ ដើម្បីលុបលាងកេរ្តិ៍ឈ្មោះអាស្រូវនៅក្នុងប្រទេសខ្លួន គឺនឹងបញ្ចេញការពិត។
លោកជំទាវបានបង្ហាញចម្ងល់ថា ហេតុអ្វីក៏សម រង្ស៊ី ដឹងលឿនម្ល៉េះ ហាក់ដូចជាក្នុងគម្រោងផែនការអ្វីមួយអ៊ីចឹង។ ខ្ញុំមិនចោទប្រកាន់តែមើលឃើញរឿងមិនប្រក្រតីត្រង់ចំណុចនេះ។ ហើយថ្មីៗនេះ ប៉ូលិសថៃបានប្រាប់ទៅសារព័ត៌មានថៃថា ឃាតករគាត់ថាជនជាតិថៃជាអ្នកនៅពីក្រោយបញ្ជាគាត់ ហើយអ្នកបញ្ជូនលុយឲ្យគាត់ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត។ ឃើញអាស៊ីសេរីលើកឡើងឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត ទៅជាឈ្មោះខ្មែរ លី រតនរស្មី។ ការពិតប្រវត្តិ លី រតនរស្មី គឺជាមនុស្សជិតស្និទ្ធរបស់ សម រង្ស៊ី ហើយក៏ជាមនុស្សជិតស្និទ្ធរបស់ មូរ សុខហួរ។ ក្រោយមកក៏បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើជាជនបង្កប់ឬយ៉ាងណា? ខ្ញុំអត់ដឹងដែរ។ សរុបទៅប្រហែល លី រតនរស្មី ជាជនបង្កប់ដែលសមរង្ស៊ី ដាក់ទៅឱ្យទៅចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីបង្កើតផ្ការីករបស់សម រង្ស៊ី និងមូរ សុខហួរ។ សម រង្ស៊ី បានប្រកាសថានឹងមានចលនាផ្ការីកនៅក្នុងប្រទេសកម្ពុជា សម រង្ស៊ី បានប្រកាសទៀតថា មនុស្សរបស់ខ្លួនបង្កប់នៅក្បែរសម្តេចតេជោ ហ៊ុន សែន៕
ដោយ៖ពលជ័យ