រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបឱ្យបានទាន់ពេលនិងមាន​ប្រសិទ្ធភាព

បាត់ដំបង៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង​ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងថ្មី​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នាបន្ទប់ប្រជុំសាលាខេត្ត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​ណែនាំដល់​ប្រធានមន្ទីរទើបចូលកាន់តំណែងថា ត្រូវអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិ​ក្នុងការទទួលខុសត្រូវ។ត្រូវទប់​ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបព័ត៌មានទាំងនេះ​ឱ្យបានទាន់​ពេលវេលា និងមានប្រសិទ្ធភាព។

ដោយមានវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តី​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ​ខេត្តចូលរួមផង ឯកឧត្តម នេត្រ ភក្រ្តា បានគូសរំលេចថា ខិតខំយកចិត្តទុកដាក់​សហការ​​ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ដើម្បី​រួមចំណែកក្នុងការអនុវត្គ​គោលនយោបាយ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ​ទៅលើវិស័យព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ត្រូវគោរពគោលការណ៍​ណែនាំចង្អុល​បង្ហាញរបស់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត។ត្រូវប្រកាន់​យកអភិក្រមបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយភាពផ្តួចផ្តើម​និងច្នៃ​ប្រឌិត ស្របតាមបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ជា​វិជ្ជមាន​នៅរដ្ឋបាលថ្នាក់ ក្រោម ជាតិឱ្យកាន់តែទូលំទូលាយ និងចូលរួមក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងព័ត៌មានក្លែងក្លាយ។ត្រូវទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបព័ត៌មានទាំងនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់​ស្តែងក្នុង​សង្គម និងជាស្ពាន​ចម្លងព័ត៌មានពីប្រជាពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពល​រដ្ឋវិញ អំពី​ហេតុការណ៍ ស្ថានភាពនៅតាមមូលដ្ឋាននានា ពីសេចក្តីត្រូវការ និងការស្នើសុំជាដើម។ ដើម្បីឱ្យការងារទាំងនេះ​ប្រព្រឹត្តទៅដោយរលូនលឿន​រហ័សនិងមានប្រសិទ្ធភាពខ្ពស់ប្រធានមន្ទីរព័ត៌មានថ្មីត្រូវមានស្មារតីរក្សានូវទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុននិងមន្ទីរនានាជុំវិញខេត្ត​ឱ្យបាន​ល្អ។

ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានកោត​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តបាត់​ដំបង ដែលកន្លងមក បានរួមសាមគ្គីគ្នាបំពេញការងារអស់ពីសមត្ថភាព តាមជំនាញក្នុង​ព្រឹត្តការណ៍​ធំៗនានា សម្រេចបានលទ្ធផលគាប់ប្រសើរ​ទោះបីនៅមានបញ្ហាប្រឈមមួយចំនួនក្តី។

ដោយឡែក លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានដែលទើបប្រកាស​ចូលកាន់មុខតំណែងថ្មី ក៏បានប្តេជ្ញាចិត្ត ស្មោះត្រង់​ចំពោះជាតិ  សាសនា ព្រះមហាក្សត្រនិងគោរពតាមរដ្ឋធម្មនុញ្ញ។ប្តេជ្ញារួមចំណែកយ៉ាងសកម្ម​ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹក​នាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និងអនុវត្តតាមបទបញ្ជាគោលការណ៍ណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងនិងរដ្ឋបាលខេត្ត ។ប្រកាន់យក​អភិក្រម​បុរេសកម្មក្នុងការអនុវត្តការងារប្រកបដោយភាពផ្តួចផ្តើមនិងច្នៃប្រឌិតស្របតាមបរិវត្តកម្ម​ឌីជីថល ដើម្បីលើកកម្ពស់ការ​​ផ្សព្វផ្សាយជាវិជ្ជមាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែទូលំទូលាយនិងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយនិងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ទាំងក្នុងការពង្រឹងវិន័យនិងពង្រីកសាមគ្គីភាពសហប្រតិបត្តិការ ឯកភាពផ្ទៃ​ក្នុងឱ្យមានភាពរឹងមាំជាធ្លុងមួយ ដើម្បីគុណតម្លៃផលប្រយោជន៍រួមនិងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច​សំដៅ​លើកកម្ពស់ប្រសិទ្ធិភាពការងារនិងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាមន្ទីរ ស្ថាប័នអង្គភាពនានា និងអាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ក្នុងការពង្រីកវិស័យព័ត៌មាននិងសោតទស្សន៍។ខិតខំប្រែក្លាយតួនាទីមន្ទីរព័ត៌មានឱ្យទៅជាស្ថាប័ន​ទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលខេត្តបាត់ដំបង។

សូមជម្រាបថា លោក សុវណ្ណ វិទិត្យា ត្រូវបានតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងថ្មី ជំនួសលោក សួស សុភ័ក្រ្ត ដែលត្រូវទទួលភារកិច្ចថ្មីជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ៕

អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.

ads banner