ជ្រើសយកខេត្តបាត់ដំបង និងខេត្តប៉ៃលិន ជា“ការចាប់ផ្ដើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ.”
បាត់ដំបង៖សាលារៀនចំនួន៨ នៃខេត្តបាត់ដំបង និងសាលារៀនចំនួន៤នៃខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យចាប់ផ្តើមនូវយុទ្ធនាការនាវគ្គគាំទ្រសាលារៀនគោលដៅគ.វ.អ. ដើម្បីពង្រឹងនូវគុណភាពអប់រំ វិន័យ សីលធម៌ និងចរិយាធម៌ របស់សិស្សានុសិស្ស។

រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបានបើកកិច្ចប្រជុំ “ការចាប់ផ្ដើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅគ.វ.អ.”ក្រោមអធិបតីភាពឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ(គ.វ.អ.)និងឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង,លោកស្រីអភិបាលរងខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលានិងមាតាបិតាអាណាព្យាបាលសិស្សជាង៤០០នាក់។

តើអ្វីទៅជាយុទ្ធនាការគាំទ្រសាលារៀន? ។យុទ្ធនាការគាំទ្រសាលារៀន គឺ ជាផ្នែកមួយនៃសកម្មភាពអាទិភាពដ៏សំខាន់ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដោយផ្តោតលើការដាក់ចេញ នូវវិធានការអន្តរាគមន៍សំខាន់ៗក្នុងការលើកកម្ពស់ នៃគុណភាពអប់រំតាមសាលារដ្ឋ និងការកែប្រែឥរិយាបថ វិន័យ សីលធម៌ និង ចរិយាធម៌ របស់សិស្ស ដោយអនុវត្តសម្រាប់សាលារៀន នៅកម្រិតបឋមសិក្សា។វិធានការគន្លឹះ ក្នុងវិស័យអប់រំនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជួយដោះស្រាយចំឫសគល់នៃបញ្ហានៅក្នុងវិស័យអប់រំ ដោយផ្តោតលើអភិបាលកិច្ចសាលារៀន(ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ,គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន)។ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សានិងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីអប់រំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋានគ.វ.អ. មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១ ក្នុងការផលិតនូវមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។ ឯកឧត្តមបន្តថា ដើម្បីឈានទៅសម្រេចនូវគោលដៅនេះរាជរដ្ឋាភិបាលបានបង្កើតនូវគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា យុទ្ធនាការនេះគឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបញ្ជ្រាបនូវការយល់ដឹង ជាសាធារណៈ អំពីវិធានការគន្លឹះ”គ.វ.អ.” និងពីចក្ខុវិស័យនៃការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងគុណភាពសាលាបឋមសិក្សារបស់រដ្ឋជាពិសេសសាលារៀនគោលដៅក្នុងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន។ដើម្បីបង្កើនការចូលរួមរបស់សហគមន៍ក្នុងការពង្រឹងឆន្ទៈ បំពាក់ស្មារតីនិងការទទួលខុសត្រូវក្នុងការងាររបស់គ្រូបង្គោល ក៏ដូចជានាយកសាលា លោកគ្រូ អ្នកគ្រូនិងភាគីពាក់ព័ន្ធសំខាន់ៗក្នុងការពង្រឹងកិច្ចសហការនិងកៀរគរការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មុនពេលលេខាធិការដ្ឋានអនុវត្តវិធានការគន្លឹះ នៅតាមសាលាគោលដៅឱ្យទទួលបានជោគជ័យ ។បង្កើតនូវឱកាសជួបគ្នាជាផ្លូវការ រវាង ភាគីគ្រូបង្គោលផ្នែកគាំទ្រសាលារៀននិងភាគីសាលារៀនគោលដៅ។ព្រមទាំងជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករទាំងពីរភាគីក្នុងការអនុវត្តវិធានការគន្លឹះដោយទំនុកចិត្តនិងលទ្ធផលល្អប្រសើរ ក្នុងការពង្រឹងឆន្ទៈ និងបំពាក់ នូវគោលជំហររឹងមាំដល់ក្រុមគ្រូបង្គោលនាយកសាលានិងគ្រូបង្រៀនក្នុងការអនុវត្តភារកិច្ចព្រមទាំងបង្ហាញពីការគាំទ្រពេញទំហឹងនិងគ្រប់ដំណាក់កាលពីសំណាក់ លេខាធិការដ្ឋាន “គ.វ.អ.” ដល់សាលារៀនគោលដៅទាំងអស់។

នៅក្នុងឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណនិងកោតសរសើរ ដល់មន្ទីរអប់រំយុវជននិងកីឡា លោកអភិបាលក្រុង-ស្រុក បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំនិងការបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងស្មារតីសាមគ្គី ដើម្បីធ្វើឳ្យវិស័យអប់រំក្នុងខេត្ត កាន់តែមានភាពរីកចម្រើន និងមានចំណេះដឹង យ៉ាងពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង សង្កត់ធ្ងន់ថា វគ្គគាំទ្រសាលារៀនគោលដៅ គឺក្នុងគោលបំណង និងជួយឱ្យសាលាទទួលបាននូវបទពិសោធន៍ឧត្តមានុវត្តពីអតីតនាយកសាលា មានស្នាដៃល្អ និងដើម្បីជំរុញ នូវ ការអនុវត្តវិធានការគន្លឹះ ឲ្យបានជោគជ័យនិងប្រសិទ្ធភាពខ្ពស់ ដែលអាចប្រែក្លាយជាចលនាជាតិ ក្នុងការលើកកម្ពស់គុណភាពអប់រំ និង កែប្រែឥរិយាបថអវិជ្ជមានរបស់សិស្សឱ្យបានទូលំទូលាយបំផុតតាមវិធីសាស្ត្រផ្ការីក ក្នុងពេលអនាគត៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.