ច្បាប់ថ្មីប្រេស៊ីលរឹតបន្តឹងសិស្សប្រើស្មាតហ្វូនក្នុងសាលារៀនទូទាំងប្រទេសចាប់ពីខែកុម្ភៈ
ប្រាស៊ីលីយ៉ា ៖ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva កាលពីថ្ងៃទី១៣ ខែមករានេះ បានចុះហត្ថលេខាលើច្បាប់ថ្មី ដែលមានគោលបំណងរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀននានាទូទាំងប្រទេស។
ច្បាប់ថ្មីនេះ នឹងរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូនរបស់សិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យទូទាំងប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។ ចំណាត់ការនេះធ្វើឡើងដើម្បីធានាថា សិស្សសាលាអាចប្រើប្រាស់ឧបករណ៍បែបនេះ តែក្នុងករណីមានអាសន្ន, គ្រោះថ្នាក់, ការអប់រំ ឬក៏ក្នុងករណីសិស្សមានពិការភាពប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងអប់រំប្រេស៊ីល លោក Camilo Santana បានប្រាប់អ្នកសារព័ត៌មានថា ក្មេងៗកំពុងប្រើអ៊ីនធឺណិតតាំងពីតូច ដែលធ្វើឱ្យឪពុកម្តាយពិបាកតាមដាននូវអ្វីដែលពួកគេធ្វើ ហើយការរឹតបន្តឹងលើការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀនទូទាំងប្រទេសនឹងជួយពួកគេ។ ទន្ទឹមគ្នា ឪពុកម្តាយ និងសិស្សជាច្រើនក៏បានឯកភាពលើការដាក់ចេញច្បាប់នេះផងដែរ។
កាលពីខែឧសភាឆ្នាំមុន វិទ្យាស្ថានអប់រំកម្រិតខ្ពស់ Fundacao Getulio Vargas បានឱ្យដឹងថា ប្រទេសប្រេស៊ីលមានស្មាតហ្វូនច្រើនជាងមនុស្សទៅទៀត ពោលគឺមានស្មាតហ្វូនដល់ទៅ ២៥៨លានគ្រឿង ខណៈដែលប្រជាជនប្រេស៊ីលសរុបមានត្រឹមតែ ២០៣លាននាកប៉ុណ្ណោះ។ អ្នកស្រាវជ្រាវទីផ្សារក្នុងស្រុកបាននិយាយកាលពីឆ្នាំមុនថា ប្រជាជនប្រេស៊ីលបានចំណាយពេលរហូតដល់ ៩ម៉ោង១៣នាទីក្នុងមួយថ្ងៃនៅលើអេក្រង់ស្មាតហ្វូន ដែលនេះជាតួលេខខ្ពស់បំផុតមួយរបស់ពិភពលោក៕
ប្រភព ៖ The Star ប្រែសម្រួល៖ ឈឹម ទីណា