នាយករដ្ឋមន្ត្រីកោះ Greenland ចង់ចាប់ដៃលោក Trump ពង្រឹងវិស័យ ២ យ៉ាង
ហ្គ្រីនលែន ៖ នាយករដ្ឋមន្ត្រី Greenland លោក Mute Egede បានអះអាងថា ដែនកោះរបស់លោកមានបំណងពង្រឹងទំនាក់ទំនងការពារជាតិ និងការរុករករ៉ែជាមួយសហរដ្ឋអាមេរិក បើទោះបីជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ចង់ទិញដែនកោះដ៏ធំមួយនេះក៏ដោយ។
លោក Egede បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកមធ្យោបាយធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាមួយរដ្ឋបាលរបស់លោក Trumpដែលនឹងឡើងកាន់តំណែងនាថ្ងៃទី២០ ខែមករាខាងមុខ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Egede បានថ្លែងក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងកូប៉ិនហាក ប្រទេសដាណាម៉ាកថា ឯករាជ្យភាពរបស់ Greenland គឺជារឿងរបស់ Greenland ហើយក៏ទាក់ទងនឹងការប្រើប្រាស់ទឹកដីរបស់ខ្លួនផងដែរ ដូច្នេះវាក៏ជា Greenland ខ្លួនឯងដែលនឹងសម្រេចចិត្តថាតើយើងគួរតែឈានដល់កិច្ចព្រមព្រៀងអ្វី។
ការអត្ថាធិប្បាយរបស់លោក Egede កើតឡើងបន្ទាប់ពីលោក Trump ធ្លាប់បានលើកឡើងអំពីគំនិតទិញយកដែនកោះ Greenland តាំងតែពីអាណត្តិដំបូងរបស់គាត់មកម៉្លេះ ហើយបានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថា ជា «ភាពចាំបាច់ដាច់ខាត»។
លោក Mute Egede បាននិងកំពុងជំរុញឱ្យមានឯករាជ្យ ទោះបីជាសេដ្ឋកិច្ចនៃទឹកដីនេះ ពឹងផ្អែកខ្លាំងលើការឧបត្ថម្ភធនពីដាណឺម៉ាកក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា តំបន់ Greenland ដែលត្រូវគេដឹងថា មានធនធានរ៉ែ និងប្រេង ដែលមិនទាន់បានប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់មួយនេះ មិនមែនសម្រាប់លក់ទេ ហើយអះអាងថា អនាគតរបស់ Greenland ស្ថិតនៅក្នុងដៃរបស់ប្រជាជនក្នុងតំបន់នេះ ដោយខ្លួនឯង៕
ប្រភព ៖ BBC ប្រែសម្រួល៖ ឈឹម ទីណា