ប្រធានមន្ទីរកសិកម្ម អញ្ជើញពិនិត្យស្ថានភាពប្រមូលទិញស្រូវកសិករ របស់ក្រុមហ៊ុន City Rice
(ខេត្តបាត់ដំបង)៖ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអញ្ជើញពិនិត្យស្ថានភាពប្រមូលទិញស្រូវពីប្រជាកសិករ របស់ ក្រុមហ៊ុន City Rice ស្ថិតក្នុងភូមិ កៀនកេស ស្រុក ថ្មគោល ខេត្តបាត់ដំបង និង ចុះវាយ តម្លៃ ផ្ទៀងផ្ទាត់ការប្រមូលផលស្រូវ OM-(5451) ស្រង៉ែ សែន ក្រអូប ក្នុងចន្លោះសប្តាហ៌ទី៤ នៃខែមករា ក្នុងអំឡុងពេលចូល ឆ្នាំ ថ្មី ប្រពៃណី ចិន -វៀតណាម អាចបង្កការប៉ះពាល់ដល់ការលក់ទិញ-ស្រូវ ក្នុង
អំឡុងពេលនោះ និងដេីម្បី ត្រៀម លក្ខណៈ ក្នុងការ
សម្របសម្រួលជាមួយ រោងម៉ាស៊ីន កិនស្រូវ ដែល នៅជិតតំបន់ផលិត របស់កសិករ ក្នុង ការឲ្យជួយប្រមូលទិញ បានទាន់ពេលវេលា ។
លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ នៅដើមឆ្នាំ២០២៥នេះ ការផលិតស្រូវប្រាំងរបស់ប្រជាកសិករសរុបរហូតទៅដល់ជាង ៩ម៉ឺនហិកតា គឺស្មើនឹង ៣៣៥% លើផែនការដាំដុះជិត ៣ម៉ឺនហិកតា។ ខណៈការប្រមូលផលស្រូវប្រាំង គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ទើបតែសម្រេចបានប្រមាណ ៧%ប៉ុណ្ណោះ ។
លោក ឈឹម វជិរា បញ្ជាក់ពីការចុះធ្វើការជាមួយ និងវិស័យឯកជនក្នុងខេត្ត ជាពិសេសជាមួយរោងម៉ាស៊ីនធំៗ ដែលកែច្នៃអង្ករសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស និងដើម្បីជំរុញឲ្យមានការជួយសម្របសម្រួល ក្នុងការចុះជួយប្រមូលទិញឱ្យបានទាន់ពេលវេលា ក្នុងករណីដែលមានការរាំងស្ទះ…។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ របស់ក្រុមហ៊ុន City Rice បានឲ្យដឹងដែរថា ៖ មកដល់ពេលនេះ រោងម៉ាស៊ីន ឡាយ សែ នៅតែបន្តទិញស្រូវពីប្រជាកសិករ ជារៀងរាល់ថ្ងៃ ។ យ៉ាងហោចណាស់ក្នុង ១ថ្ងៃ ពី ១ ៥០០តោន ទៅ ២ ០០០តោន ជាប្រភេទស្រូវ នាងខុន OM-5451 ស្រង៉ែ សែនក្រអូប ។ ហើយរោងម៉ាស៊ីនរបស់ខ្លួន គ្មានគោលការណ៍ក្នុងការផ្អាកទិញស្រូវ ពីបងប្អូនប្រជាកសិករ នោះឡើយ ។
សូមបញ្ជាក់ថា ៖ ថ្មីៗកន្លងមកនេះសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត បានអំពាវនាវដល់គ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ជួយផ្សព្វផ្សាយនិងជំរុញឱ្យកសិករយើង ងាកមករួមគ្នាជាសហគមន៍ និងនាំគ្នាដាំពូជ “អង្ករក្រអូប” របស់ខ្មែរ ជាជាងនៅតែបន្តការដាំពូជពីបរទេសដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយបងប្អូន នៅពេលមានបញ្ហាកើតឡើង ៕
(អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.)













