អ្នកផលិត និងម្ចាស់អាជីវកម្មសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងមូលដ្ឋាន

(ភ្នំពេញ)៖ ផលិតផលក្នុងស្រុក ដែលផលិតប្រកដោយគុណភាពនិងអនាម័យស្របទៅតាមបទដ្ឋានគតិយុទ្ធ ដែលក្រសួងស្ថាប័នពាក់ព័ន្ធបានកំណត់ បាននិងកំពុងមានការរីកចម្រើនច្រើនស្របពេលដែល ការប្រគួតប្រជែងផលិតផលនាំចូលក៏កាន់តែមានការកើនឡើង។

នៅក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍លក់ដូរប្រចាំឆ្នាំ២០២៥ (Cambodia Annual Mega Sale 2025) ដែលរៀបចំដោយក្រុមហ៊ុន KHB Events នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ក្រុមហ៊ុន និងសហគ្រាស អ្នកផលិត បានលើកឡើងថា ផលិតផលថ្មីជាច្រើនដែលក្រុមហ៊ុន និងអ្នកផលិតក្នុងស្រុកជាច្រើនមិនទាន់ស្គាល់នៅលើទីផ្សារ ដែលទាមទារឱ្យមានការចូលរួមជួយផ្សព្វផ្សាយ ទៅដល់មហាជន ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុងស្រុក ដែលផ្តល់ឱកាសដល់អ្នកផលិត អាចដាក់តាំបង្ហាញនូវផលិតដែលខ្លួនបានផលិតមកដាក់លក់ និងផ្សព្វផ្សាយដោយផ្ទាល់ទៅដល់អតិថិជន។

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ជួយជំរុញចលនាឱ្យពាណិជ្ជករខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។

លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events ដែលជាក្រុមហ៊ុនរៀបចំមហាព្រឹត្តិការណ៍នេះ លើកឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ នេះ គឺជាផ្នែកមួយនៃការជួយធ្វើទីផ្សារឱ្យទូលំទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនឡើងវិញ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ផល សុខចំរើន នាយកប្រតិបតិ្ដរងទីផ្សារ ធនាគារ អេស៊ីលីដា បានទទួលស្គាល់ថា ពិព័រណ៍នេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យដំណើរការល្អឡើងវិញ តាមរយៈការចំណាយលុយទិញផលិតផលរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋនាឱកាសនោះ។

គួរបញ្ជាក់ថា មហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sale 2025 រយៈពេល៣ថ្ងៃនេះ ត្រូវបានរំពឹងថា នឹងមានការចូលរួមពីសំណាក់អតិថិជនសក្តានុពលយ៉ាងហោចណាស់ជាង ១០ម៉ឺននាក់ ហើយវានឹងក្លាយទៅជាពេលវេលាដ៏រីករាយសម្រាប់អ្នកទិញមកពីជុំវិញរាជធានីភ្នំពេញដើម្បីទទួលយកនូវទំនិញដែលមានគុណភាពល្អៗ និងតម្លៃសមរម្យព្រមទាំងបញ្ចុះតម្លៃរហូតដល់ ៨០ភាគរយផងដែរ ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកកម្មកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០២២ និង២០២៣ ប្រទេសកម្ពុជាមានការររៀបចំពិព័រណ៌ពាណិជ្ជកម្មចំនួន៥២លើក។ ដោយឡែក គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជន បានរៀបចំចំនួន ៤១លើក និងមានការទាក់ទាញ និងចូលរួមគាំទ្រយ៉ាងផុសផុល ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ វីដេអូ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner