ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យមានការឯកភាពគ្នាជាប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប”
(ភ្នំពេញ)៖ ក្នុងការជួបសំណេះសំណាលជាមួយម្ចាស់ដីតាមបណ្ដោយឆ្នេរ២៧០០ម៉ែត្រខេត្តកែប នាថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីពិភាក្សាជាមួយម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រ អំពីគោលការណ៍មួយចំនួន និងស្នើសុំការឯកភាពរួមគ្នាអនុវត្តគោលការណ៍ទាំងនេះឱ្យបានសម្រេចជោគជ័យ ដើម្បីអោយគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កំសាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពកែប ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានប្រវែង ២៧០០ម៉ែត្រចាប់ពីផ្សារក្តាមរហូតដល់ព្រៃកោងកាង ដំណើរការបានដោយរលូនសម្រាប់បង្កើនសោភណភាពខេត្តកែបនិងទាក់ទាញភ្ញៀវទេសចរណ៍ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នៅក្នុងរដូវប្រាំងនេះ យើងត្រូវសាងសង់ទំនប់ទប់រលកជាមុនសិន និងរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅខាងក្រោម និងអាចចាក់ខ្សាច់ក្នុងពេលតែមួយបានឬយ៉ាងណា ដែលនេះគឺជាបន្ទុករបស់ម្ចាស់ដី ហើយឯកឧត្តមយល់ឃើញថាប្រសិនបើការងារទាំងបីនេះអាចដំណើរការព្រមៗគ្នានោះគឺជាការល្អ ហើយការធ្វើគឺអាចមានជម្រើសដែលម្ចាស់ដីអាចធ្វើដោយខ្លួនឯង រឺក៏អាចមានការឯកភាពគ្នាធ្វើជាក្រុមនោះនឹងអាចចំណាយធូរស្រាលជាងនេះនិងមានប្រសិទ្ធភាពជាង ។ ជំហានដែលត្រូវធ្វើបន្ទាប់ពីនេះគឺការដាំដើមឈើលម្អនៅពីមុខក្បាលដីនីមួយៗតាមបណ្ដោយឆ្នេរ ស្របតាមការជ្រើសរើសរបស់ម្ចាស់ដីក្នុងនោះមានប្រភេទដើមដូង ដើមកោងកាងឬដើមស្ងាវ ពីព្រោះដើមឈើទាំងនេះគឺជាអត្តសញ្ញាណសម្រាប់បណ្ដាខេត្តនៅជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ទំនប់ទប់រលកក្នុងខេត្តកែបនេះនឹងចាប់ផ្ដើមធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់តាមទំនៀមទម្លាប់ប្រពៃណីខ្មែរនាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបួងសួងសុំឱ្យការអនុវត្តគម្រោងនេះ ដំណើរការបានដោយរលូនសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងខេត្តកែប កំពតនិងខេត្តព្រះសីហនុផងដែរ ៕
ដោយ / គ្រី សម្បត្តិ







