មេធំ UN ៖ អ៊ីស្រាអែលត្រូវតែបញ្ឈប់ប្រតិបត្តិការនៅភាគខាងត្បូងលីបង់

បរទេស៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយ កាលពីថ្ងៃសុក្រថា ប្រតិបត្តិការយោធា និង ការកាន់កាប់ របស់អ៊ីស្រាអែល នៅភាគខាងត្បូង ប្រទេសលីបង់ ត្រូវតែបញ្ឈប់។

លោក Guterres បាននិយាយថា «ការបន្តកាន់កាប់ ដោយយោធាអ៊ីស្រាអែល នៅខាងក្នុងតំបន់ប្រតិបត្តិការរបស់ UNIFIL ព្រមទាំងសកម្មភាពយោធា នៅក្នុងទឹកដីលីបង់ គឺជាការរំលោភ លើដំណោះស្រាយ 1701 ដូច្នេះ ពួកគេត្រូវតែបញ្ឈប់»។

នេះជាអ្វីដែល លោក Guterres បាននិយាយ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីស្នាក់ការកណ្តាលរបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ហៅកាត់ UNIFIL ស្ថិតក្នុងទីក្រុង Naqura។

នៅក្រោមដំណោះស្រាយ 1701 បានកំណត់ថា មានតែកងទ័ពលីបង់ និងកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិប៉ុណ្ណោះ ដែលអាចត្រូវបានដាក់ពង្រាយ នៅភាគខាងត្បូង ប្រទេសលីបង់។ លោក Guterres ក៏បានបង្ហាញផងដែរថា ចាប់តាំងពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា រវាងអ៊ីស្រាអែល និងក្រុម Hezbollah កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានរកឃើញឃ្លាំងអាវុធជាង ១០០ ដែលលោកបាននិយាយថា ជាកម្មសិទ្ធិរបស់ក្រុម Hezbollah ឬ ក្រុមប្រដាប់អាវុធផ្សេងទៀត នៅភាគខាងត្បូង ប្រទេសលីបង់។

លោក បាននិយាយថា វត្តមានរបស់ក្រុមប្រដាប់អាវុធ, ទ្រព្យសម្បត្តិ និងសព្វាវុធ ណា ដែលមិនមែនជារបស់កងទ័ពលីបង់ និង UNIFIL គឺសុទ្ធតែជាការរំលោភ លើដំណោះស្រាយ 1701។

លោក Guterres កំពុងបំពេញទស្សនកិច្ច នៅប្រទេសលីបង់ ខណៈដែលថ្ងៃផុតកំណត់ បទឈប់បាញ់ គឺ នៅថ្ងៃទី២៦ ខែមករា។ នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ កងទ័ពលីបង់មានពេល ៦០ ថ្ងៃ ដើម្បីដាក់ពង្រាយ ជាមួយកម្លាំង UNIFIL នៅភាគខាងត្បូងលីបង់ នៅពេលដែលកងទ័ពអ៊ីស្រាអែល ដកខ្លួនចេញ។

គណៈកម្មាធិការត្រួតពិនិត្យ ដែលមានតំណាងនៃប្រទេសលីបង់ អ៊ីស្រាអែល បារាំង សហរដ្ឋអាមេរិក និង UNIFIL មានភារកិច្ចរាយការណ៍ អំពីការរំលោភបទឈប់បាញ់ ណាមួយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner