ចិនផលិតបានឆ្កែយន្តរត់លឿនបំផុតក្នុងលោក រត់ ១០០ម៉ែត្រត្រឹម ១០វិនាទី
ប៉េកាំង ៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន ផលិតបានឆ្កែយន្តឆ្លាតវៃថ្មីមួយ ដែលពោលពេញដោយសមត្ថភាពខ្ពស់ ជាពិសេសវាអាចមានលទ្ធភាពរត់បានចម្ងាយ ១០០ម៉ែត្រក្នុងរយៈពេលត្រឹមតែ ១០វិនាទីប៉ុណ្ណោះ បំបែកកំណត់ត្រាពិភពលោក ដែលមនុស្សយន្តជើងបួនពីមុនអាចធ្វើបាន។
ឆ្កែយន្តនេះ ត្រូវបានគដាក់រហ័សនាមថា Black Panther 2.0 បង្កើតឡើងក្នុងភាពជាដៃគូរវាងវិទ្យាស្ថានច្នៃប្រឌិតមនុស្សយន្តរបស់សាកលវិទ្យាល័យ Zhejiang និងក្រុមហ៊ុន Mirror Me ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou។
ដោយបំផុសគំនិតច្នៃប្រឌិតតាមសត្វខ្លារខិន និងខ្លាឃុំ អ្នកវិទ្យាសាស្រ្តចិនបានបង្កើនភាពរឹងមាំរបស់វាដល់ទៅ ១៣៥% និងជើងរហូតទៅដល់ ២០០% ជាមួយនឹងទម្ងន់ ៣៨គីឡូក្រាម និងកម្ពស់ ០.៦៣ម៉ែត្រ។
ទីភ្នាក់ងារសារព័ត៌មានចិនបានរាយការណ៍ថា ការរចនាពិសេសរបស់ឆ្កែយន្តនេះ គឺផ្តោតសំខាន់លើក្រញាំជើង និងសន្លាក់ជើង ដើម្បីធ្វើឱ្យវាអាចបង្កើនល្បឿនលឿនរត់, ពោលពេញដោយថាមពល, មានកម្លាំងខ្លាំង, ការសម្របខ្លួននឹងបរិស្ថានជុំវិញ, មានភាពរលូន និងច្បាស់លាស់។
ដោយមានជំនួយពីបញ្ញាសិប្បនិមិត្ត (AI) ឆ្កែយន្តនេះអាចសម្របខ្លួនទៅនឹងទីតាំងផ្សេងៗ ហើយឥឡូវនេះ Black Panther 2.0 គឺជាឆ្កែយន្តលឿនបំផុត និងមានប្រសិទ្ធភាពបំផុត ដោយវាបានក្លាយជាការត្រួសត្រាយផ្លូវ សម្រាប់កម្មវិធីឧស្សាហកម្មនាមនុស្សយន្តពេលអនាគតរបស់ប្រទេសចិន៕
ប្រភព ៖ Interesting Engineering