នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរថែមទៀត
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលរវាងប្រទេសទាំងពីរ ថែមទៀត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្ត ចំពោះភាពល្អប្រសើរ នៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តម បានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែក ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពជម្រាបជូន សម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នាពេលនេះ បានផ្ដល់ នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តម បានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។
ឯកឧត្តមបានបន្ថែមទៀតថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែក បង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។
ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីក កិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រនិងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចបវរធិបតីបានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សា ពីការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ជាច្រើនរួមមាន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ