BYD បញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងលោក ដឹកម្តង ៩,២០០គ្រឿង

ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីយក្សចិន BYD បានបញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងពិភពលោក ដោយវាអាចដឹកឡានតាមសមុទ្រមួយជើងបានដល់ទៅ ៩,២០០គ្រឿង ហើយវាជាកប៉ាល់ទី៤ របស់ BYD។

កប៉ាល់ដឹកឡានខ្នាតយក្សនេះ មានឈ្មោះថា BYD Shenzhen ដាក់ឈ្មោះតាមទីក្រុងដែលជាទីស្នាក់ការរបស់ក្រុមហ៊ុន។ ថ្មីៗនេះ វាបានបង្ហាញខ្លួនជាផ្លូវការនៅឯកំពង់ផែ Yangzhou ស្ថិតនៅភាគពាយព្យនៃទីក្រុងសៀងហៃ។

កប៉ាល់ BYD Shenzhen ដែលមានប្រវែង ២១៩ម៉ែត្រ និងទទឹង ៣៧.៧ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៣៤គីឡូម៉ែត្រក្នុងមួយម៉ោងនេះ រចនាឡើងដោយគិតពីនិរន្តរភាពបរិស្ថានជាស្នូល ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាឧស្ម័នធម្មជាតិរាវ LNG dual-fuel ដែលធ្វើឱ្យវាអាចដំណើរការបាន ទាំងប្រើឧស្ម័ន LNG និងប្រេងឥន្ធនៈធម្មតា។

កប៉ាល់ដ៏ទំនើបនេះទៀតសោត បានគូសបញ្ជាក់អំពីការពង្រីកខ្លួននៅលើទីផ្សារក្រៅប្រទេសរបស់ BYD ខណៈក្រុមហ៊ុនចិនដែលមើលឃើញការលក់ឡានអគ្គិសនីកើនឡើងខ្លាំងឆ្នាំមុននេះ កំពុងដាក់គោលដៅវាយយកភាគហ៊ុនទីផ្សារសកលជាងគេបំផុតនៅឆ្នាំ ២០២៥។

គិតមកទល់ពេលនេះ BYD បានពង្រីកខ្លួនទៅកាន់ប្រទេស និងតំបន់ចំនួន ១០០ទូទាំងពិភពលោក។ បន្ទាប់ពីផលិតឡានអគ្គិសនីបានជាង ១.៧៧លានគ្រឿងកាលពីឆ្នាំ ២០២៤ BYD បានវ៉ាដាច់ Tesla ប្រហែល ៤,៥០០គ្រឿង ដើម្បីក្លាយជាក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតរបស់ពិភពលោក។ ប៉ុន្តែពេញមួយឆ្នាំ ២០២៤ Tesla បានចែកចាយឡានអគ្គិសនីចំនួន ១.៧៨លានគ្រឿង ច្រើនជាងបន្តិចបើធៀបនឹង BYD មានត្រឹម ១.៧៦លានគ្រឿង៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner