ថៃបិទសាលា២០០កន្លែងនៅបាងកក ព្រោះការបំពុលខ្យល់

បាងកក ៖ អាជ្ញាធរបាននិយាយថា ការបំពុលបរិយាកាស បានបង្ខំឱ្យសាលារៀន ជិត២០០កន្លែង នៅក្នុងទីក្រុងបាងកក ត្រូវបានបិទទ្វារ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមន្ត្រីបានជំរុញឱ្យមនុស្ស ធ្វើការពីផ្ទះ និងដាក់កំហិត លើយានយន្តធុនធ្ងន់ នៅក្នុងទីក្រុង នេះបើតាមកាសែត VNexpress។

ប្រភពបានចេញផ្សាយថា សាលាចំនួន ១៩៤ ក្នុងចំណោម ៤៣៧ សាលា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរក្រុងបាងកក បានបិទទ្វារ ដោយសារបារម្ភពីសុខភាពរបស់សិស្ស ហើយមានចាប់ពីថ្នាក់មត្តេយ្យ ដល់អនុវិទ្យាល័យ ហើយការបិទ មានរយៈពេល ពីមួយថ្ងៃ ទៅមួយសប្តាហ៍។

ការបំពុលខ្យល់ តាមរដូវកាល បានធ្វើឱ្យប្រទេសថៃ រងទុក្ខជាយូរមកហើយ ដោយសារខ្យល់រដូវរងា កាន់តែត្រជាក់ និងជាប់គាំង បូករួមផ្សំជាមួយនឹងផ្សែង កើតចេញពីការឆេះចំបើងដំណាំ និង ផ្សែងរថយន្ត។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ក្រុងបាងកក បានជាប់ឈ្មោះ ជាទីក្រុងទី៦ ដែលមានការបំពុលខ្លាំងបំផុត នៅលើពិភពលោក នេះបើយោងតាម IQAir ។

កម្រិតនៃសារធាតុបំពុល PM2.5 ដែលជាមីក្រូភាគល្អិតបង្កមហារីកតូចល្មម អាចចូលទៅក្នុងចរន្តឈាម តាមរយៈសួត បានឈានដល់ ១២២មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។

កាលពីដើមសប្តាហ៍នេះ អាជ្ញាធរថៃបានលើកទឹកចិត្តប្រជាជន ឱ្យធ្វើការពីផ្ទះ ប៉ុន្តែ គម្រោងនេះគឺស្ម័គ្រចិត្ត នាំឲ្យមានអ្នកចូលរួមចុះឈ្មោះធ្វើការ Online ត្រឹមតែ ១០ម៉ឺននាក់ ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស ប្រមាណ១០លាននាក់ រស់នៅក្នុងទីក្រុងនេះ។

ក្រុមមន្ត្រីក៏បានកំណត់ ការចរាចរណ៍ របស់រថយន្តដឹកទំនិញដែលមានកង់៦ នៅក្នុងផ្នែកខ្លះ នៃទីក្រុងបាងកក រហូតដល់ល្ងាចថ្ងៃសុក្រ សប្តាហ៍នេះ។

រដ្ឋាភិបាលថៃក៏បានប្រកាសពីការលើកទឹកចិត្ត ដើម្បីបញ្ឈប់ការដុតកម្ទេចចោលសំណល់ កសិកម្ម ហើយថែមទាំងកំពុងសាកល្បងវិធីសាស្ត្រថ្មី ដើម្បីដោះស្រាយការបំពុលបរិយាកាស ដោយការបាញ់ទឹកត្រជាក់ ឬ ទឹកកកស្ងួត ទៅក្នុងខ្យល់ ពីលើផ្សែងអ័ព្ទ។

ប៉ុន្តែ វិធានការនេះ ផ្តល់លទ្ធផលតិចតួច រហូតមកដល់ពេលនេះ ហើយអ្នកនយោបាយប្រឆាំង បានចោទប្រកាន់ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra មិនបានយកចិត្តទុកដាក់ លើបញ្ហានេះទេ។ ជាការបរិហា ក្នុងពេលលោកស្រី កំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស។

លោក Natthaphong Ruengpanyawut មេដឹកនាំបក្សប្រជាជន បានចោទប្រកាន់លើហ្វេសប៊ុកថា «ខណៈពេលដែលនាយករដ្ឋមន្រ្តីកំពុងដកដង្ហើម ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ នៅក្នុងប្រទេសស្វីស ទាក់ទាញការវិនិយោគ តែ ប្រជាជនថៃរាប់លាននាក់ កំពុងដកដង្ហើម ដោយស្រូបខ្យល់បំពុលចូល ទៅក្នុងសួត របស់ពួកគេ»៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner