Elon Musk រិះគន់គម្រោង AI ៥០០ពាន់លានដុល្លារ របស់ Donald Trump

បរទេស៖ លោក Elon Musk បានរិះគន់គម្រោង AI ក្រោមទុនវិនិយោគ ៥០០ពាន់លានដុល្លារ ដែលទើបត្រូវបានប្រធានាធិបតី Donald Trump ប្រកាស ដោយលោកបានអះអាងថា ក្រុមអ្នកវិនិយោគ នៅពីក្រោយគម្រោងនេះ គឺគ្មានលុយគ្រប់គ្រាន់ទេ នេះបើតាមការចុះផ្សាយរបស់ CNN។

ត្រឹមប៉ុន្មានម៉ោង ក្រោយពេលលោក Donald Trump ប្រកាសពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ធំនេះ លោកមហាសេដ្ឋី Elon Musk ដែលជាសហប្រធានស្ថាប័ន ជំរុញប្រសិទ្ធិភាពរដ្ឋាភិបាលផងនោះ
បានសរសេរ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ថា «ពួកគេពិតជា មិនមានលុយទេ» ដោយបានបន្តថា «SoftBank អាចធានាបានក្រោម ១០ពាន់លានដុល្លារ» ប៉ុន្តែ លោកថា លោកមានសិទ្ធិអំណាចល្អជាង។

លោក Trump បាននិយាយថា ការវិនិយោគនេះ នឹងបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា Stargate ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត នៅក្នុងសហរដ្ឋអាមេរិក។ មេដឹកនាំរបស់ក្រុមហ៊ុន SoftBank, OpenAI និង Oracle បានឈរជាមួយ Trump ក្នុងអំឡុងពេលនៃការប្រកាសពីគម្រោងនេះ។ ក្រុមហ៊ុននីមួយៗ នឹងបណ្តាក់ទុនសរុប ចំនួន១០០ពាន់លានដុល្លារ សម្រាប់គម្រោងនេះ បន្តរហូតដល់គ្រប់៥០០ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាង មុខនេះ។

យ៉ាងណាក៏ដោយ ការបរិហាររបស់លោក Musk បានកើតមានឡើង ស្របពេលដែល លោក Musk កំពុងមានមានរឿងក្តីក្តាំង ជាមួយ OpenAI និង នាយកប្រតិបត្តិរបស់ OpenAI គឺលោក Sam Altman ជុំវិញ ChatGPT ។

ជាមួយគ្នានេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃពុធ បានច្រានចោលការអត្ថាធិប្បាយរបស់លោក Musk ដោយបាននិយាយ នៅក្នុងបទសម្ភាសន៍របស់ Fox News ថា «ប្រជាជនអាមេរិកគួរតែទទួលយកពាក្យសម្តី របស់ប្រធានាធិបតី Trump និង CEO ទាំងនោះ សម្រាប់កិច្ចការនេះ»។ លោកស្រីបន្តថា លោក Trump រំភើបយ៉ាងខ្លាំង ចំពោះការប្រកាសអំពីហេដ្ឋារចនាសម្ព័ន្ធនេះ នៅក្នុងវិស័យ AI ដែលជាក់ស្តែង កំពុងរីកចម្រើន ហើយជាអ្វីដែលសហរដ្ឋអាមេរិកត្រូវការយកទុនមកប្រើប្រាស់ ពីព្រោះ សត្រូវរបស់យើង ដូចជា ប្រទេសចិន កំពុងជឿនលឿន ក្នុងវិស័យនេះ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner